បន្ទាយមានជ័យ៖ ក្រុមជនជាតិចិន ចំនួន០២នាក់ ពាក់ព័ន្ធបានប្រើប្រាស់អាវុធខុសច្បាប់ និងគ្រឿងញៀនបានយកអាវុធវែងខ្លីទៅភ្ជង់គំរាមខ្ចីលុយពីជនរងគ្រោះធ្វើការជាមួយគ្នាមិនបានក៏គំរាមរកបាញ់គេសម្លាប់ចោល ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបង្ក្រាបដោយឃាត់ខ្លួន និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។
មន្ត្រីកងរាជអាវុធហត្ថ បានប្រាប់ឱ្យដឹងថា ប្រតិបត្តិការចាប់ខ្លួនជនជាតិចិន ដែលប្រើប្រាស់អាវុធខុសច្បាប់ គំរាមបាញ់សម្លាប់មនុស្ស ព្រោះតែខឹងខ្ចីប្រាក់មិនបាននេះ បានធ្វើឡើងបន្ទាប់ពីជនរងគ្រោះឈ្មោះ ហ័ង ពូ ហៅ អាហៃ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន និងប្រពន្ធ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានមកដាក់ពាក្យប្តឹងសមត្ថកិច្ចស្នើសុំការអន្តរាគមន៍។
តាមជនរងគ្រោះ បានរៀបរាប់ថា នៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤ កន្លងទៅ នៅចំណុច បុរី ដឺផាក ស៊ីធី ក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ជនសង្ស័យបានខ្ចីលុយខ្លួន ពេលនោះខ្លួនថាពុំមានលុយទេ ទើបពួកវាផ្ទុះកំហឹងគំរាមរកបាញ់ពួកគាត់សម្លាប់ចោល។ ក្រោយពីទទួលបានពាក្យបណ្តឹងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងអាវុធហត្ថ១ក្រុម ចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញា នៅវេលាម៉ោង ៣រសៀល ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនជនសង្ស័យបាន ចំនួន០២នាក់ ជាជនជាតិចិន នៅចំណុច បុរី KN ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាមានជ័យ។
ក្នុងកិច្ចប្រតិបត្តិការខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន៖ អាវុធខ្លី ចំនួន០៣ដើម ក្នុងនោះមានអាវុធម៉ាក G Lock 19 លេខ BGDV859 ចំនួន ០១ដើម, អាវុធម៉ាក ANSAR 17 លេខ 2203516 ចំនួន ០១ដើម, អាវុធម៉ាក G LOCK 17 លេខ 2300617 ចំនួន ០១ដើម និងអាវុធវែង ម៉ាក ESCORT MAGNUM លេខ 5760359 ចំនួន ០១ដើម គ្រាប់ចំនួន ០២គ្រាប់, បង់ចំនួន ៣, ដំបងឆក់ ចំនួន ០១ដើម, គ្រាប់អាវុធខ្លី ចំនួន៦០គ្រាប់, ខ្នោះដៃ ចំនួន ០២គូរ, គ្រឿងញៀន ប្រភេទ ម្សៅក្រាមពណ៌សថ្លា ចំនួន ០៦កូនថង់កិប ស្មើនឹងទម្ងន់១២,៥៦ក្រាម, គ្រឿងញៀន ប្រភេទ ថ្នាំគ្រាប់រាងមូល ពណ៌ក្រហមក្បឿង (WY) ចំនួន ០១ថង់កិប ស្មើនឹង១៩៦គ្រាប់ ទម្ងន់ ២១,៥៩ក្រាម, គ្រឿងញៀន ប្រភេទ ម្សៅពណ៌ស (កេតាមីន) ចំនួន ០១កូនថង់កិប ទម្ងន់ ០,៦៦ក្រាម និងឧបករណ៍ប្រើប្រាស់គ្រឿងញៀ និងប័ណ្ណសំគាល់ខ្លួនជាច្រើនទៀត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង ០២នាក់ រួមមាន៖ ឈ្មោះ ជា ជីនហ្គ័រ ហៅកាំង ភេទប្រុស អាយុ ២៨ឆ្នាំ និង ឈ្មោះ លី អ៊ីនឈុន ភេទប្រុស អាយុ ៣៧ឆ្នាំ ពួកគេស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទាំង២នាក់ ពេលដែលកំលាំងអាវុធហត្ថសួរនាំ បានឆ្លើយសារភាពថា «កាំភ្លើង និងសម្ភារៈខាងលើពិតជារបស់ខ្លួនទុកសម្រាប់ការពារក្នុងហាង “អេផ្លាស” ហើយខ្លួនបានយកមកទុកក្នុងបន្ទប់របស់ខ្លួនជួលស្នាក់នៅ និងពិតជាមានកំហឹងព្រមទាំងគំរាមលើឈ្មោះ ហ័ង ពូ ហៅអាហៃ និងប្រពន្ធមែនដោយពួកខ្លួនខ្ចីប្រាក់មិនបាន»។
នៅព្រឹក ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីធ្វើការចោទប្រកាន់តាមនីតិវិធីតាមច្បាប់៕