កំពង់ចាម៖ សកម្មភាពជនខិលខួចមានលុយ និងអំណាចដឹកថ្មតាមសាឡង់មកចាក់រំលោភយកផ្ទៃទន្លេយ៉ាងគឃ្លើនមិនញញើតច្បាប់ធ្វើឲ្យមានការិះយ៉ាងខ្លាំង ខណៈពេលនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមព្រមានចាត់វិធានការតាមផ្លូវច្បាប់ដោយមិនលើកលេងដាច់ខាត។
តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឲ្យដឹងថា សកម្មភាពនៃការលួចចាក់ដីក្នុងទន្លេដើម្បីយកធ្វើជាកម្មសិទ្ធ នៅត្រង់ចំណុច ភូមិព្រៃទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ក្រោយពីមានការរិះគន់លើបញ្ហាចាក់ថ្មលប់ទន្លេខាងលើ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចេញសារព្រមានថា «ច្បាប់ត្រូវតែគោរព និងមិនលើកលេងចំពោះជនល្មើសឡើយ»។
សូមជម្រាបថា ក្រោយផ្ទុះការិះលើករណីចាក់ថ្មរំលោភយកផ្ទៃទន្លេនេះ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័តមានភ្លាមៗ ស្តីពីការទប់ស្កាត់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នេះផងដែរ។
រដ្ឋបាលខេត្តកំពង់ចាម បន្ទាប់ពីទទួលបានព័ត៌មាន ពីករណ៏ចាក់ថ្មចូលផ្ទៃទន្លេ បានចាត់តាំង លោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យ ជួបជាមួយនឹងភាគីពាក់ព័ន្ធ និងបានរកឃើញថា «ពិតជាមានសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេពិតប្រាកដមែន» ដោយសកម្មភាពនេះ បានដំណើរការតាំងពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ មកម្លេះ។
ចំពោះសកម្មភាពនៃការចាក់ថ្មចូលទន្លេនេះ គឺចាក់ចូលទៅក្នុងផ្ទៃទន្លេប្រវែង ៥៥ម៉ែត្រ និងគ្រោងចាក់បណ្តោយទន្លេប្រវែង ២៩៤.៦ម៉ែត្រ ហើយបច្ចុប្បចាក់បានប្រវែង ១៣០ម៉ែត្រដោយពុំមានច្បាប់អនុញ្ញាតឡើយ។
ជាវិធានការបន្ទាន់នេះ រដ្ឋបាលខេត្តកំពង់ចាម បានកំណត់ឲ្យភាគីម្ចាស់ដីដែលកំពុងធ្វើសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេនេះ ត្រូវតែអនុវត្តដូចខាងក្រោម ៖
១- បញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដោយគ្មានច្បាប់អនុញ្ញាត ទោះក្នុងហេតុផលណាមួយក៏ដោយ។
២- ត្រូវធ្វើការកាយ និងយកថ្មដែលបានចាក់រួចហើយនោះចេញវិញឲ្យអស់ ក្នុងរយៈពេលយ៉ាងយូរ ៧០ថ្ងៃជាកំណត់ និងមិនត្រូវកាយពង្រាយទម្លាក់ចូលក្នុងទឹកទន្លេឡើយ ដើម្បីបញ្ចៀសផលប៉ះពាល់ទៅ ថ្ងៃក្រោយសម្រាប់ការធ្វើចរាចរណ៍តាមផ្លូវទឹក។
៣- ភាគីម្ចាស់ដីត្រូវរាយការណ៍អំពីវឌ្ឍនភាពនៃការកាយថ្មនេះ មករដ្ឋបាលខេត្តកំពង់ចាម មួយខែម្តង នៅរៀងរាល់ចុងខែនីមួយៗ ហើយក្រុមការងាររបស់រដ្ឋបាលខេត្តកំពង់ចាម នឹងបន្តចុះធ្វើការពិនិត្យ តាមដានការអនុវត្តវិធានការនេះ នៅរៀងរាល់មួយសប្តាហ៍ម្ដង ឬតាមពេលវេលាជាក់ស្តែង។
អាជ្ញាធរខេត្តកំពុងចាម បានបញ្ជាក់ថា «ចំពោះករណីនេះគ្រាន់ជាវិធានការបឋមប៉ុណ្ណោះ។ ជាវិធានការបន្ទាប់ គឺរដ្ឋបាលខេត្តកំពុងសិក្សាតាមផ្លូវច្បាប់ ដើម្បីស្នើដាក់បន្ទុកទៅលើជនល្មើសបន្ថែមទៀត»៕