នៅរសៀល ថ្ងៃទី២២ ខែ កុម្ភៈ ឆាំ២០២៤ លោកទូច ស៊ីផាត អគ្គនាយករងរដ្ឋបាលនិងហិរញ្ញវត្ថុនិងជាប្រធានគ្រប់គ្រងគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធនឹងសកម្មភាពសាងសង់ផ្លូវកៅស៊ូDBST និង បេតុង និងកំពង់ដរ មួយកន្លែងនៅស្រុកស្ទោង។
នៅក្នុងឪកាសនោះលោក ទូច ស៊ីផាត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ព្រមទាំងក្រុមហ៊ុនសាងសង់ ត្រូវចូលរួមសហការនិងសម្របសម្រួលបើកផ្លូវនេះឲ្យបានទូលាយតាមគម្រោងបច្ចេកទេសនិងចូលរួមថែរក្សាសមិទ្ធផលនេះជាសម្បត្តិរួមឲ្យបានល្អ និងប្រើប្រាស់បានយូរអង្វែង ហើយត្រូវជួយរក្សាសន្តិសុខសុវត្ថិភាពជូនក្រុមហ៊ុន ហេង សម្បត្តិ ដែលជាអ្នកម៉ៅការសាងសង់ និងបានអំពាវនាវដល់ម្ចាស់យានយន្តធំៗ សូមកុំដឹកលើសទំងន់បច្ចេកទេសដែលនាំឲ្យខូចខាតផ្លូវ។
ជាមួយគ្នានេះ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ក៏បានសម្តែងនូវការសាទរយ៉ាងក្រៃលែង ជាមួយគម្រោងថ្មីនេះ ដែលជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ពលរដ្ឋក្នុងមូលដ្ឋាន អាចចាត់ទុកថាជាកំណប់ទ្រព្យធនដ៏មហាសាលដែលរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី ចងដៃពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានកាន់តែប្រសើឡើងថែមទៀត ហើយអាជ្ញាធរភូមិ ឃុំ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់សំណង់អាណាធិបតេយ្យផ្សេងៗក្នុងមូលដ្ឋានដែលជាការរំខាននិងនាំឲ្យឆាប់ខូចខាតផ្លូវ។
គួរបញ្ជាក់ផងដែរថាផ្លូវដែលត្រូវសាងសង់មានប្រវែង ១៣.១៦គម ស្ថិតនៅក្នុងឃុំ (បន្ទាយស្ទោង រុងរឿង ព្រះដំរី )មានប្រវែង៨.៧១គម មានទទឹង៨.០០មនិងឃុំ សំព្រោជប្រវែង៤.៤៥គម មានទទឹង ៧.០០ម និងកំពង់ដរមួយកន្លែងនៅភូមិបត់ត្រង់ នៃឃុំម្សាក្រង ស្រុកស្ទោង ដែលប្រើរយ:ពេលសាងសង់ប្រហែល១ឆ្នាំផងដែរ ។