2024-02-24 14:36
264

ភ្នំពេញ៖ នាយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅលើគេហទំព័រ Facebook Page ផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ហោះបកស្រាយនូវករណីបទល្មើសចរាចរ ០២ករណី ដោយជនស៊ីវិលប្រើប្រាស់ម៉ូតូបំពាក់ស្លាកលេខនគរបាលជាតិ បើកបរដោយមិនមានពាក់មួកសុវត្ថិភាព។ 

 បន្ទាប់ពីមហាជនថតបាននូវសកម្មភាពទាំងនេះ ហើយបានបង្ហោះចែករំលែកនៅលើបណ្តាញសង្គមនានា ត្រូវបានម្ចាស់កម្មសិទ្ធយានជំនិះសុទ្ធតែជាមន្ត្រីនគរបាលជាតិ ចេញមុខមកទទួលកំហុស បានអះអាងថា «ជនដែលបើកបរម៉ូតូពាក់ស្លាកលេខអង្គភាពត្រូវជាសាច់ញាតិខ្ចីយកទៅជិះ និងទទួលការផាកពិន័យតាមច្បាប់កំណត់»។ 

 សម្រាប់នាយភ្លីភ្លើ និងអ្នកនិយមតាមដានលើបណ្តាញសង្គមផងនោះ មានចម្ងល់ និងលើកជាសំណួរខ្លះៗ ដើម្បីឲ្យអ្នកអ្នកអនុវត្តន៍ច្បាប់ ជាពិសេសអង្គភាពសាម៉ីជួយបកស្រាយ ដើម្បីឲ្យមហាជនអស់ចម្ងល់ ថាតើមធ្យោបាយម៉ូតូដែលបំពាក់ស្លាកលេខសម្គាល់របស់អង្គភាពជាមធ្យោបាយកម្មសិទ្ធឯកជន ឬកម្មសិទ្ធរបស់រដ្ឋ? បើជាកម្មសិទ្ធឯកជន តើមធ្យោបាយនោះមានបង់ពន្ធរដ្ឋត្រឹមត្រូវ ឬអត់ពន្ធ? ចុះបើកម្មសិទ្ធរបស់រដ្ឋសម្រាប់ប្រើប្រាស់ក្នុងអង្គភាពបម្រើការងារក្នុងមូលដ្ឋានអាចយកឲ្យសាច់ញាតិខ្ចីយកទៅប្រើប្រាស់បុគ្គលបានដែរ ឬទេ

 ជាក់ស្តែង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយពីមានការផ្សាយតាមបណ្តាញសង្គមមានជនសុីវិល​​ជិះម៉ូតូថែមទាំងគ្មានពាក់មួកសុត្ថិភាពរួចមក លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ​ បានឲ្យកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះធ្វើការស្រាវជ្រាវជាបន្ទាន់ ក្នុងនោះមាន ២ករណី។ 

 ករណីទី១៖ តាមការស្រាវជ្រាវ រកឃើញជនសុីវិល ចំនូន ០២នាក់ រួមមាន៖ ឈ្មោះ លី សុីវមុី ភេទស្រី មុខរបរ បុគ្គលិកកាសុីណូ បានយកម៉ូតូ ម៉ាក Scoopy ពាក់ស្លាកលេខ នគរបាល 1-9956 កម្មសិទ្អរបស់បងថ្លៃខ្លួន មានឈ្មោះ ចេង សម្បត្តិ ជាអធិការរង នៃអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង យកមកប្រើប្រាស់ ដោយសារម៉ូតូខ្លួនបានខូចពេលមកដល់កន្លែងធ្វើការម៉ោងប្រហែល ៥និង០០នាទីល្ងាច ក៏មានមិត្តម្នាក់ ឈ្មោះ កៅ មួយគា បានខ្ចីបន្តដើម្បីទៅទទួលអីវ៉ាន់ នៅក្រុមហ៊ុន វីរៈ ប៊ុន ថាំ (សាខាផ្លូវឯករាជ្យ) រួមដំណើរដោយមិត្តម្នាក់ទៀត ឈ្មោះ នឹម ស្រី ពៅ មិនពាក់មួក សុវត្តិភាពទាំង​ ០២នាក់ ។ 

 ជាលទ្ធផល ទាំងអ្នកបើកបរ និងម្ចាស់ម៉ូតូ បានចូលខ្លួនមកទទួលកំហុស និងទទួលការផាកពិន័យ នៅអធិការដ្ឋាននគបាលក្រុងព្រះសីហនុ នៅវេលាម៉ោង ៧និង០០នាទីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ 

 ករណីទី២៖ នៅថ្ងៃខែឆ្នាំដដែល មានជនសុីវិល​ ចំនូន ០២នាក់​ ជិះម៉ូតូស្លាកលេខនគរបាល គ្មានពាក់មួកសុត្ថិភាព​រួចមក លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះធ្វើការស្រាវជ្រាវជាបន្ទាន់ដូចគ្នា។ 

 ដោយឆ្លងតាមការស្រាវជ្រាវជនសុីវិលទាំង​ ០២នាក់ខាងលើ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤​ បានប្រើប្រាស់ ម៉ូតូ ម៉ាក វេស្ប៉ា ពាក់ស្លាកលេខ នគរបាល 1A-9997 មិនពាក់មួកសុវត្តិភាព ដោយឈ្មោះ អុិន គីមហុង ភេទស្រី បានខ្ចីម៉ូតូពីបងប្រុស ឈ្មោះ ផុន សុភ័ក្រ្ត ជាមន្រ្តីនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ យកមកប្រើប្រាស់។ 

 ជាលទ្ធផលទាំងអ្នកបើកបរ និងម្ចាស់ម៉ូតូ បានចូលខ្លួនមកទទួលកំហុស និងទទួលការផាកពិន័យ នៅ​អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ នៅវេលាម៉ោង ០៣និង០០នាទីរសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ 

 ពាក់ព័ន្ធករណីគ្រាន់តែចម្ងល់របស់នាយភ្លីភ្លើដែលនិយមតាមដានរឿងរ៉ាវក្នុងសង្គម និងលើកជាសំណួរដើម្បីសុំការពន្យល់ និងបកស្រាយគ្រប់ភាគីពាក់ព័ន្ធ និងគ្មានចេតនាបង្ខួចមូលបង្កាច់បរិហារថ្នាក់ដឹកនាំជាពិសេសអង្គភាពសាម៉ីតែប៉ុណ្ណោះ៕