2024-02-25 16:29
421

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា រួចរាល់ហើយ នៅការិយាល័យ ១០០១ នៅក្នុងវិទ្យាល័យព្រះស៉ីសុវត្ថិ នៃមណ្ឌលបោះឆ្នោតភូមិភាគទី១ រាជធានីភ្នំពេញ។
   នៅមណ្ឌលវិទ្យាល័យព្រះស៉ីសុវត្ថិនេះ មានការិយាល័យបោះឆ្នោត ចំនួន២ រួមមាន ការិយាល័យលេខ១០០១ និងការិយាល័យលេខ១០០២។ អង្គបោះឆ្នោតដែលមានក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅមណ្ឌលនេះ សរុបប្រមាណជាង៩០០នាក់។
   សូមបញ្ជាក់ថា នៅថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជា រៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ មានគណបក្សនយោបាយចំនួន៤ បានចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៉ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។
   សម្រាប់អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមាន៖ សមាជិកសភាក្នុងតំណែងចំនួន ១២៥រូប សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែងចំនួន ១១,៦២២ សរុប ១១,៧៤៧រូប ស្រី ២,៥៨៤រូប៕