2024-02-25 16:45
274

ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់ត្រូវបានកម្លាំងអនុរក្សពន្ធនាគារខេត្តកំពង់ស្ពឺឃាត់ខ្លួន ក្រោយរកឃើញគ្រឿងញៀន១១កញ្ចប់ពេលចូលសួរសុខទុក្ខទណ្ឌិត។
  ការឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង៤និង២០នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ។
  បើយោងតាមសម្តីរបស់មន្ត្រីអនុរក្សពន្ធនាគារខេត្តកំពង់ស្ពឺបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ម៉ាន់ យូរី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅក្នុងភូមិចំការរ័ត្ន ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ជនសង្ស័យត្រូវបានឃាត់ខ្លួនបន្ទាប់ពីឆែកឆេររកឃើញគ្រឿងញៀនចំនួន ១១កញ្ចប់ ពេលដែលជនសង្ស័យចូលសួរសុខទុក្ខទណ្ឌិតឈ្មោះ ស៊ិន សុខុម ដែលជាប់ទោសពីបទរក្សាទុកនិងជួញដូរគ្រឿងញៀន។
  មន្ត្រីអនុរក្សពន្ធនាគារបានបន្ថែមទៀតថា ជនសង្ស័យដែលបានឃាត់ខ្លួនធ្លាប់ជាទណ្ឌិតជាប់ពន្ធនាគារខេត្តកំពង់ស្ពឺចំនួន២ឆ្នាំពីបទរក្សាទុកនិងជួញដូរគ្រឿងញៀន។ ពេលជនសង្ស័យចូលមកសុំជួបនិងសួរសុខទុក្ខទណ្ឌិតខាងលើ ដោយសង្ស័យមន្ត្រីអនុរក្សក៏បានសុំឆែកឆេរខ្លួន ក៏រកឃើញគ្រឿងញៀនដែលដាក់ជាប់ខ្លួនតែម្តង។ ក្រោយរកឃើញ មន្ត្រីអនុរក្សក៏បានរាយការណ៍និងសុំឱ្យមន្ត្រីនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺនាំខ្លួននិងចាត់ការបន្តតាមនីតិវិធីច្បាប់។
  ជាមួយនិងការចាប់ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀននេះដែរ មតិមហាជនបានដាក់ការសង្ស័យថា តើជនសង្ស័យនាំចូលទៅក្នុងពន្ធនាគារដើម្បីចែកចាយក្នុងនោះឬដើម្បីឱ្យទណ្ឌិតប្រើប្រាស់ ទើបអាចធ្លាយទៅក្នុងបាន៕