2024-02-25 16:47
240

ភ្នំពេញ៖ រថយន្ត Lexus មួយគ្រឿងបើកបរដោយជនជាតិចិនក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុករះបង្កាន់ដៃដែកនៅលើផ្លូវល្បឿនលឿនធ្វើឱ្យរថយន្តដាច់កង់មុខមួយចំហៀងអូសទៅមុខជាច្រើនម៉ែត្រ បណ្តាលឱ្យមនុស្សស្រី៤នាក់រងរបួសធ្ងន់និងស្រាលត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ។
    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ខែកម្ភៈឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវល្បឿនលឿនកែងនឹងមហាវិថីឈ្នះ=ឈ្នះ ក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
    ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់រួមដំណើរជាមួយជនបរទេសជាស្រី្តចំនួន៤នាក់ទៀត បានបើករថយន្តម៉ាក LexusCT200h មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BS-8680 ធ្វើដំណើរចេញពីខេត្តព្រះសីហនុមករាជធានីភ្នំពេញ ដោយធ្វើដំណើរតាមបណ្តោយផ្លូវល្បឿនលឿនក្នុងទិសដៅពីលិចទៅកើតដោយល្បឿនយ៉ាងលឿន ខណៈបើកមកដល់ចំណុចកើតហេតុ ដោយសារផ្លូវកោងផងក៏បានបូងចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករះបង្កាន់ដៃដែកលើផ្លូវល្បឿនលឿនបណ្តាលឱ្យរថយន្តដាច់កង់មុខមួយ    ចំហៀងអូសទៅមុខជាច្រើនម៉ែត្រទើបរថយន្តអស់ល្បឿនទៅមុខលែងរួច ហើយ បណ្តាលឱ្យរងរបួសធ្ងន់ស្រាលមនុស្សស្រី៤នាក់ ត្រូវបានរថយន្តដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។
   បន្ទាប់ពីកើតហេតុរថយន្តបង្កត្រូវបានរថយន្តស្ទូចៗប្រគល់ទៅឱ្យក្រុមហ៊ុនផ្លូវល្បឿនលឿនដើម្បីរង់ចាំម្ចាស់មកដោះស្រាយគ្នានៅពេលក្រោយ៕