៖ នៅព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ សមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញជាអធិបតី កម្មវិធីសមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំសច្ចាបញ្ចូលសមាជិកថ្មី លើកទី២៧ ចំនួន ៧៨៨នាក់ នៅក្នុងខេត្តពោធិ៍សាត់ ។
ការចូល ជាសមាជិក របស់សមាគមកាយ ឫទ្ធិនារីកម្ពុជា គឺជាកម្លាំងស្ម័គ្រចិត្តរួម ដែលផ្ដល់ ឱ្យ សមាជិក នូវ ចំណេះ ដឹង បទ ពិសោធន៍ ទាំងជីវិត ការងារ និង លទ្ធភាពធ្វើការរួមគ្នាដើម្បីផលប្រយោជន៍សង្គម។ លើសពីនេះ កុមារី យុវតី និងសមាជិករបស់សមាគមត្រូវបានបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ ធ្វើ ការងារជាក្រុមក្លាយជាធនធានដ៏ល្អជួយអភិវឌ្ឍប្រទេសជាតិ។ មិនតែប៉ុណ្ណោះ សមាជិកទាំងអស់ត្រូវបានជំរុញ លើកទឹកចិត្តឲ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ តាមគោលបំណង បេសកកម្ម និងពាក្យ ស្លោករបស់សមាគមគឺ “កម្លាំងស្ម័គ្រចិត្ត ដើម្បីកុមារីនិងយុវតីកម្ពុជា” ។ នេះជាប្រសាសន៍ របស់លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ សមាគមកាយឫទ្ធិនារីកម្ពុជា ជាការផ្តល់ជាអនុសាសន៍ដ៏មានតម្លៃដល់ កាយឫទ្ធិនារីកម្ពុជា ធ្វើពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី២៧ ចំនួន៧៨៨នាក់ សាខាពោធិ៍សាត់ ។
លោកស្រី បណ្ឌិត ក៏បានលើកបន្ថែមដែរថា ៖“បើបណ្ដុះបណ្ដាលបុរស១នាក់ យើងនឹងទទួលបានមេដឹកនាំ ១នាក់បើបណ្ដុះបណ្ដាលស្ត្រី ឬក្មេងស្រី១នាក់ យើងនឹងទទួលបានមេដឹកនាំមួយប្រទេស” ក្នុងន័យនេះ លោកស្រីអគ្គស្នងការ ចង់សម្តៅ លើការ លើកកម្ពស់ដល់កុមារី យុវតី និងស្រី្ត ក្នុងទទួលបានការ អបរ់រំ អោយបានកាន់តែ ខ្ពស់កាន់តែប្រសើរ។
លោកស្រីបានប្រសាសន៍បញ្ជាក់ទៀតថា ៖ តាមរយៈលទ្ធផល ការងារដែល សមាគម កាយឫទ្ធិនារីកម្ពុជា បានប្រឹងប្រែងកន្លងមក ធ្វើអោយមជ្ឈដ្ឋានជាតិ និងអន្តរជាតិបានទទួស្គាល់ថា សមាគមកាយឫទ្ធិនារីកម្ពុជា ពិតជាបានបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ដោយគ្មានការប្រកាន់និន្នាការ នយោបាយ ពូជសាសន៍ ព៌ណសម្បុរ អាយុ ឬ ភេទនោះឡើយ។
សូមរំលឹកថាកម្ពុជា បានបង្កើតក្រុមកាយឫទ្ធិកាលពីឆ្នាំ១៩៤៣ តែមិន ទាន់ ចូល ជា កាយ ឫទ្ធិ ពិភព លោក នោះ ទេ។ ដោយសារសង្គ្រាម ក្រុមកាយឫទ្ធិ ក៏ត្រូវបានរំសាយ ហើយក្រោយ ចប់ សង្គ្រាម ឆ្នាំ ១៩៩៩ ទើបកម្ពុជា បានបង្កើតក្រុមនេះជាថ្មី និងនៅក្នុងឆ្នាំ២០០៦ ក៏មាន ការ ប្រជុំ ធំ រហូត តដល់ ឆ្នាំ ២០០៨ កម្ពុជាក៏បានចូលរួមសកម្មភាពកាយឫទ្ធិពិភពលោក។ សមាគមកាយឫទ្ធិនារីកម្ពុជា គឺ ជា សមាគមក្រៅរដ្ឋាភិបាលមួយ ដែលមានទិសដៅលើកកម្ពស់ការអប់រំដល់កុមារី និងយុវតី ឲ្យ ក្លាយ ទៅ ជា ពលរដ្ឋល្អ ទទួលបាននូវចំណេះដឹងបទពិសោធន៍ទាំងជីវិតការងារ និងការងារសង្គម ដោយ បានផ្តល់ឱកាស និងលទ្ធភាពធ្វើការរួមគ្នា ដើម្បីផលប្រយោជន៍សង្គម៕