2024-02-26 19:31
273

កំពង់ធំ: នៅព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ លោកសាយ គឹមឡម អភិបាលស្រុកស្ទោងនិងសហការីបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យឆ្លុះបញ្ចាំងលទ្ធផលការអនុវត្តការងាររបស់សាលាបឋមសិក្សានៅក្នុងស្រុកស្ទោងសម្រាប់ឆ្នាំសិក្សា ២០២២ -២០២៣  ។
   នៅក្នុងឪកាសនោះលោក អភិបាលស្រុកស្ទោងបានថ្លែងថាសាលារៀនខ្លាំងនិងរីកចម្រើនទៅបាន អាស្រ័យលើលោកនាយក នាយិកាសាលារៀនខ្លាំង  គឺក្នុងនាមជាអ្នកគ្រប់គ្រងដឹកនាំអង្គភាពមួយត្រូវតែ មានភាពប៉ិនប្រសព្វ ឈ្លាសវៃ មានទំនួលខុសត្រូវ មានសាមគ្គីភាពផ្ទៃក្នុងល្អ មានកិច្ចសហការគ្នាខ្ពស់ មានផែនការមេ គ្រប់គ្រងដឹកនាំច្បាស់លាស់ ផែនការអភិវឌ្ឍន៍ត្រឹមត្រូវ និងធ្វើបច្ចុប្បន្នភាពជាប្រចាំឆ្នាំ ហ៊ានទទួលខុសត្រូវនិងហ៊ានទទួលយកការពិត  ចេះឆ្លុះបញ្ចាំងនិងវាយតម្លៃការអនុវត្តការងាររបស់ខ្លួនកន្លងមក និងខិតខំបំពេញបន្ថែមរាល់ចំណុចខ្វះខាតទាំងឡាយដើម្បីឆ្លើយតបនឹងគោលនយោបាយរបស់ក្រសួងអប់រំ ជាពិសេសគឺត្រូវមានឥរិយាបថល្អ ក្នុងការបំពេញ ការងារ ដែលជាគំរូល្អសម្រាប់សិស្សានុសិស្សនិងមហាជនផងដែរ។
   ជាមួយគ្នានោះថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឧ្យបានម៉ឺងម៉ាត់ និងត្រូវខិតខំកៀរគរមូលធន ពីសប្បុរសជនជិតឆ្ងាយ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីបន្ថែមជាមួយថវិកាដែលរាជរដ្ឋាភិបាលបានផ្ដល់ឲ្យដើម្បីជួយអភិវឌ្ឍន៍សាលារៀនឲ្យមានការរីកចម្រើនឡើងជាលំដាប់  ។

   ឆ្លៀតក្នុងឪកាសនោះដែរលោកអភិបាលស្រុកបានគូសបញ្ជាក់ថាក្នុងនាមជាអ្នកអប់រំ ជាគ្រូបង្រៀន ជាអ្នកដឹកនាំអង្គភាព ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន ហើយលោកក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការដាក់ចេញរបស់សម្ដេចមហាបវរធិបតីហ៊ុន                  ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ក្នុងការធ្វើតេស្តមន្រ្តីរាជការ និងបណ្ដេញចេញពីស្ថាប័នក្រសួងប្រសិនបើរកឃើញថាមានពាក់ព័ន្ធនិងគ្រឿងញៀន ហើយឆ្នាំក្រោយប្រសិនបើមានរើសគ្រូកិច្ចសន្យាលោកនឹងត្រូវឲ្យធ្វើតេស្តរកសារធាតុញៀនលើបេក្ខជនផងដែរ។