2024-02-27 19:56
236

ពោធិ៍សាត់៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានដឹកនាំក្រុមការងារអន្តរក្រសួង និងអាជ្ញាធរខេត្តពោធិ៍សាត់ ដើម្បីចុះពិនិត្យដោយផ្ទាល់ទីតាំងគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិរបស់ លោកស្រី ស៊ឹង សុខអាង ដែលស្ថិតនៅចំណុចជើងភ្នំ១៥០០។ 
   សកម្មភាពចុះពិនិត្យ និងអង្កេតភាពមិនប្រក្រតីក្នុងការអនុវត្តន៍គម្រោងនេះ ដើម្បីស្វែងរកការពិត និងមានមូលដ្ឋានគ្រប់គ្រាន់ សម្រាប់ធ្វើការសន្និដ្ឋាន និងគោរពរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យបានឆាប់រហ័ស ប្រកបដោយស្មារតីម៉ឺងម៉ាត់ និងទទួលខុសត្រូវខ្ពស់។ 
   លោករដ្ឋមន្រ្តី ហួត ហាក់ ក្រោយពីបញ្ចប់កិច្ចប្រជុំនៅសាលាខេត្តពោធិ៍សាត់ជាមួយអន្តរក្រសួង ស្ថាប័ន អាជ្ញាធរ និងកងកម្លាំងពាក់ព័ន្ធ បានបន្តដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យមើលទីតាំងជាក់ស្តែង នៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិរបស់ លោកស្រី ស៊ឹង សុខអាង ដែលស្ថិតនៅចំណុ ចជើងភ្នំ១៥០០ ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។ 
   លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានបន្តដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យមើលទីតាំងជាក់ស្តែង នៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ របស់លោកស្រី ស៊ឹង សុខអាង ដើម្បីប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដោយមានសមាសភាពចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរដែនដី, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរមានសមត្ថកិច្ចទាំងអស់ផងដែរ។ 
   លោករដ្ឋមន្ត្រី ហួត ហាក់ បានស្នើដល់លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងតំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធផ្តល់កិច្ចសហការល្អ និងសម្របសម្រួលតាមគ្រប់រូបភាព ដល់គណៈប្រតិភូក្រសួងអធិការកិច្ច ក្នុងការចុះពិនិត្យ និងអង្កេតស្រាវជ្រាវ ជុំវិញភាពមិនប្រក្រតី នៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចរបស់ លោកស្រី ស៊ឹង សុខអាង ដើម្បីស្វែងរកការពិត និងមានមូលដ្ឋានគ្រប់គ្រាន់ សម្រាប់ធ្វើការសន្និដ្ឋាន និងគោរពរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ឱ្យបានឆាប់រហ័ស ប្រកបដោយស្មារតីម៉ឺងម៉ាត់ និងទទួលខុសត្រូវខ្ពស់។ 
  ពាក់ព័ន្ធករណីខាងលើនេះ ប្រសិនបើជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចរកឃើញមានមន្ត្រី ឬបុគ្គលដែលចូលរួមក្នុងការឃុបឃិតចូលដៃចូលជើងទទួលបានផលលាភណាមួយនោះ អាចនឹងប្រមុខការចាត់វិធានការបែបណានោះសូមរងចាំតាមដាបបន្តទៀត៕