2024-02-29 19:16
248

បន្ទាយមានជ័យ៖ ជនដៃដល់ម្នាក់ប៉ុនប៉ងសម្លាប់លើដៃគូជំនួញរួមគ្នា ប៉ុន្តែសំណាងល្អប្រពន្ធជនរងគ្រោះឃើញទាន់ ហៅគេឱ្យអ្នកជិតខាងជួយ និងប្តឹងទៅអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការ ឃាត់ខ្លួនភ្លាមៗកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី។ 
   ជនរងគ្រោះឈ្មោះ ស្រ៊ុន សាវហេង អាយុ ២៨ឆ្នាំ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅក្រុងប៉ោយប៉ែត បានឱ្យដឹងថា កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះ គួត ថាវី ដែលជាដៃគូសហការរកស៊ីជាមួយគ្នា បានជួបជុំគ្នាក្នុងភាពស្និតស្នាល ប៉ុន្តែមិនបានប៉ុន្មានផងស្រាប់តែជនសង្ស័យ ធ្វើសកម្មភាពប៉ុនប៉ងស្លាប់ ខណៈដែលខ្លួនដើរចូលបន្ទប់ទឹកស្រាប់តែជនសង្ស័យខ្ទាស់គន្លឹសទ្វាបន្ទប់ទឹក វាយផ្ដួលយ៉ាងកម្រោលបណ្តាកឲ្យសន្លប់លលឥដ្ឋការ៉ូ ហើយបន្តវាយផ្នែកក្បាល និងយកដៃរឹតករជាប់រហូតដល់ខ្លួនសន្លប់ស្មារតី។ 
   ដោយឡែកស្ត្រីជាប្រពន្ធជនរងគ្រោះពេលឃើញជនសង្ស័យវាយប្តីបែបនេះ បានស្រែកឱ្យអ្នកជិតខាងជួយធាក់ទម្លាយទ្វាបន្ទប់ទឹកចូលទៅសង្គ្រោះប្តីទាន់ពេលវេលាកុំអីស្លាប់បាត់ទៅហើយ ។ ក្រោយកើតហេតុជនបង្កមិនបានទៅណាបែរជាវាយមុខខ្លួនឯងឱ្យឈាមច្រមុះ ហើយទើបដើរទៅបាត់។ លុះព្រឹកឡើងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ទើបសមត្ថកិច្ចអាវុធហត្ថក្រុងប៉ោយប៉ែត ចុះឃាត់ខ្លួនជនបង្កតែម្តង។ 
   ជនរងគ្រោះ បានបញ្ជាក់ថា ជនបង្កខាងលើជាដៃគូរកស៊ីជាមួយគ្នា និងតែងប្រើល្បិចកិច្ចកលគ្រប់យ៉ាង ដើម្បីកេងប្រវ័ញ្ចលុយក្រុមហ៊ុន និងធ្លាប់បានគម្រាមថា “បើមានឯង អត់អញ” ។ 
   បច្ចុប្បន្ន ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ។ ចំណែកជនបង្កត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕