2024-02-29 19:37
268

ភ្នំពេញ៖ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ចៅ ភារុណ បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹង ស្តីពី  ការប្រើប្រាស់យានយន្តពាក់ស្លាកលេខចរាចរខេមរភូមិន្នថា «អ្នកប្រើប្រាស់ត្រូវតែជានាយទាហានដែលមានសិទ្ធពេញលេញ ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ»។ 
    យោងតាមអនុក្រឹត្យ លេខ៧៧ អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ ស្តីពី ការចេញស្លាកលេខសម្គាល់យានជំនិះ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ បានបញ្ជាក់ដល់បណ្តាស្ថាប័ន កងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងគ្រប់បណ្តាប្រភេទទ័ពជំនាញទាំងអស់ ឱ្យបានជ្រាបថា «អាស្រ័យដោយស្ថានភាពនៃការប្រើប្រាស់យានយន្តពាក់ស្លាកលេខចរាចរខេមរភូមិន្ទ ក្នុងរយៈពេលចុងក្រោយនេះ សង្កេតឃើញកើតមាននូវបាតុភាពមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់សង្គម សាធារណៈ ដូចជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បុគ្គលអ្នកប្រើប្រាស់មួយចំនួនមានភាពក្រអឺតក្រទមមិន សក្តិសមជាមន្ត្រីយោធា ធ្វើឱ្យមានការវាយតម្លៃ និងទទួលការរិះគន់ពីសាធារណជន ជាពិសេសប៉ះពាល់ ដល់កិត្តិយសនៃកងយោធពលខេមរភូមិន្ទទាំងមូល» ។ 
    អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស បានបញ្ជាក់បន្ថែមអំពីការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទទាំងអស់ ដោយអនុវត្តតាមអនុក្រឹត្យ លេខ៧៧ អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ «អ្នកប្រើប្រាស់ត្រូវតែជានាយទាហានដែលមានសិទ្ធពេញលេញ ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ»។

  ចំពោះការប្រើប្រាស់យានយន្តពាក់ស្លាកលេខចរាចរខេមរភូមិន្ទ ត្រូវស្របតាមការកំណត់របស់ក្រសួងការពារជាតិ ចំពោះក្រុមហ៊ុនសហការវិនិយោគ វិស័យការពារជាតិនានាក៏ត្រូវបានអនុវត្តដូចគ្នា ។ ក្នុងករណីដែលអនុវត្តការប្រើប្រាស់ផ្ទុយខុសពីខ្លឹមសារខាងលើ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ នឹងចាត់វិធានការច្បាប់ជាធរមាន។ 
  អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស បានបញ្ជាក់ទៀយថា បណ្តាស្ថាប័ន កងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងគ្រប់បណ្តាប្រភេទទ័ពជំនាញទាំងអស់ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត៕