2024-03-01 10:58
430

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤-០៦ ខែមីនា ២០២៤ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមក្នុងកិច្ចប្រជុំខាងលើ គឺតបតាមការអញ្ជើញរបស់ លោក អេនថូនី អាល់បានីស៊ី នាយករដ្ឋមន្ត្រីអូស្ត្រាលី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលអង្គភាព msj tv ទទួលបាននៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះ។

អញ្ជើញអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក សុខ ចិន្តសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងកិច្ចប្រជុំកំពូលពិសេស នឹងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ កំណត់ទិសដៅអនាគតរួម និងធ្វើឱ្យទំនាក់ ទំនងកាន់តែស៊ីជម្រៅ តាមរយៈការអនុវត្ត ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវអាទិភាពសំខាន់ៗ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី។ ថ្នាក់ដឹកនាំ គ្រោងនឹងអនុម័តសេចក្តីថ្លែង ការណ៍ទីក្រុងម៉ែលប៊ន និងសេចក្តីប្រកាសចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ាន-អូស្ត្រាលី។

ស្របពេលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលខាងលើ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងមានជំនួបទ្វេភាគី ជាមួយ លោក អេនថូនី អាល់បានីស៊ី និងសមភាគីអាស៊ានមួយចំនួន ដើម្បីពង្រឹងបន្ថែមនូវទំនាក់ទំនងទ្វេភាគីបន្ថែមទៀត៕