2024-03-01 18:58
235

ភ្នំពេញ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជួបពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល និងផ្លែផ្កាជាមួយលោកស្រី Dominique Hasler រដ្ឋមន្ត្រីការបរទេស អប់រំ និងកីឡា នៃបុរីក្សត្រ លិចតិនស្តាញ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ ភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍»។
   ក្នុងជំនួបពិភាក្សានោះ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បានរំលឹកឡើងវិញនូវការពិភាក្សាប្រកបដោយផ្លែផ្កា កាលពី ជំនួបលើកដំបូងក្នុងឱកាស នៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅខែ កញ្ញា ឆ្នាំ២០២៣ នៅទីក្រុងញូវយ៉ក និងបានសង្កត់ធ្ងន់ពីសម្នះវិជ្ជមាននៃមិត្តភាពដែលកំពុងរីកលូត លាស់រវាងប្រទេសទាំងពីរ។
  លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល លិចតិនស្តាញ ដែលបានជ្រើសរើសកម្ពុជា ជាប្រទេសអាទិភាពមួយ ក្នុងចំណោមប្រទេសអាទិភាព ទាំងប្រាំបួន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។ 
  រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្រេចនូវកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ក្នុងគោលបំណងពង្រឹងបន្ថែមនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ កាន់តែស៊ីជម្រៅ ដោយផ្តោតជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស និងបានបង្ហាញនូវការជឿជាក់ថា កិច្ចព្រមព្រៀងនេះ នឹងត្រួសត្រាយផ្លូវសម្រាប់ការចុះកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យផ្តល់ផលប្រយោជន៍រួម។
  ក្នុងនោះលោកឧបនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍នូវបំណងរបស់ លោកស្រី Dominique Hasler ក្នុងការបង្កើតការិយាល័យផ្នែកអភិវឌ្ឍន៍ប្រចាំកម្ពុជា ដែលនឹងជួយសម្របសម្រួលដល់ការ អនុវត្តគម្រោងដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា។
រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកបន្ថែម ទៀតលើវិស័យមានសក្តានុពល ជាពិសេសវិស័យអបរំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលស្របនឹងគោលនយោបាយយកប្រជាជនជាស្នូល នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងបានឯកភាពស្វែងរកលទ្ធភាពក្នុងការបង្កើតកិច្ច ពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ។ បន្ថែមពីនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរក៏ បានពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។
   លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និង លោកស្រី Dominique Hasler បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេដើម្បីរក្សាទំនាក់ទំនងល្អដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ សម្រាប់ផលប្រយោជន៍រួមនៃប្រជាជនប្រទេសទាំងពីរ។
   គួរឱ្យកត់សម្គាល់ផងដែរថា ដំណើរទស្សនកិច្ចរបស់ លោកស្រី Dominique Hasler ដែលជាទស្សនកិច្ចថ្នាក់រដ្ឋមន្ត្រីជាលើកដំបូង នៃបុរីក្សត្រលិចតិនស្តាញ មកកាន់ព្រះរាជាណាចក្រកម្ពុជា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនៅក្នុងទំនាក់ទំនងរវាងកម្ពុជា-បុរីក្សត្រលិចតិនស្តាញ៕