2024-03-03 14:57
388

ម៉ែលប៊ន៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ពិតជាអរគុណខ្លាំងណាស់ចំពោះការបញ្ចេញមតិរបស់បងប្អូនសហគមន៍ខ្មែររស់នៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ ប្រកបដោយសីលធម៌ គុណធម៌ និងរបៀបរៀបរយ ព្រោះសិទ្ធិនៃការបញ្ចេញមតិអត់មានអ្នកណាហាមឃាត់ទេទាំងមតិគាំទ្រ និងមតិមិនគាំទ្រ ជារឿងធម្មតាត្រូវអនុវត្តសិទ្ធិសេរីភាពរបស់យើងគោរពគ្នាទៅវិញទៅមកនិយាយអំពីស្មារតីរួមគ្នាមិនត្រូវថាអ្នកនេះគេទិញយកមក គឺអត់ទេទស្សនៈផ្ទុយគ្នា ប៉ុន្តែគោរពគ្នាទៅវិញទៅមកក្នុងនាមជាខ្មែរដូចគ្នា។
   ពិធីជួបសំណេះសំណាលរវាងបងប្អូនសហគមន៍ខ្មែរដែលកំពុងរស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤នេះ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ដែលមានអ្នកចូលរួមសរុបជាង ១ ៦០០នាក់។
   សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងប្រទេសប្រជាធិបតេយ្យដូចជានៅប្រទេសអូស្ត្រាលីមានគណបក្សចំនួន០២ គឺជជែកគ្នាគោលនយោបាយ ប៉ុន្តែគេគោរពគ្នាក្នុងនាមជាជាតិ និងសិទ្ធិសេរីភាពជារឿងធម្មតា សម្រាប់យើងដូចគ្នាការបញ្ចេញមតិ និងការគោរពគ្នាក្នុងថ្ងៃនេះសម្តេចសូមអបអរសាទរ ដែលបង្ហាញភាពចាស់ទុំយល់ដឹងនៃសិទ្ធិសេរីភាព រាជរដ្ឋាភិបាលគ្មានបំណងឱ្យមនុស្សទៅឈ្លោះគ្នានោះ ព្រោះវាគ្មានផលប្រយោជន៍អ្វីទេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ម្សិលមិញមានការប្រមូលផ្តុំគ្នាធ្វើបាតុកម្មជេសម្តេចគ្រប់បែបយ៉ាងចោទថាផ្តេចការ….និងចោទប្រកាន់បងប្អូនដែលមកជូបជុំនាពេលនេះជាអ្នកបម្រើជនផ្តេចការ ។ល។
   សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ពាក់ព័ន្ធមានក្រុមមួយក្តាប់តូចដែលគេជេសម្តេចមានអ្នកសួរថា ហេតុអ្វីក៏មិនតប? សម្តេចធិបតី នាយករដ្ឋមន្ត្រីប្រាប់វិញថា «វាគ្មានអ្វីចំណេញ បើនិយាយរឿងក្តៅសម្តេចធ្លាប់ឆ្លងកាត់រឿងក្តៅច្រើនជាងនេះច្រើនណាស់»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលេចថា កាលសម្តេចមកប្រទេសអូស្ត្រាលីកាលពីឆ្នាំ២០១៦ «បាយខ្តាំង» ក្នុងកម្មវិធីនៅសណ្ឋាគារមួយមិនមែនពួកគាត់នៅ២គីឡូដីអញ្ចេះទេ គឺនៅហ្នឹងមុខតែម្តងជេបងប្អូនសហគមន៍ខ្មែរដែលបានមកចូលរួមជេសុទ្ធតែ «ខ្មោចស៊ីពែ» បានធ្វើឱ្យបងប្អូនយើងខ្លះក្តៅក្រហារចង់តបតវិញ ហើយសម្តេចក៏បានហាមមិនឱ្យតបតអី ត្រូវយកធម៌ត្រជាក់ៗខន្តីរ ព្រោះគ្មានប្រយោជន៍អីទេ ត្រូវប្រកាន់យកស្មារតីសាមគ្គីភាព សិទ្ធិសេរីភាពធ្វើអីក៏ធ្វើចុះ ប៉ុន្តែកុំឱ្យប៉ះពាល់ដល់សិទ្ធិរបស់ប្រជាពលរដ្ឋ កុំវាយកម្ទេចរថយន្ត កុំធ្វើអ្វីដែលល្មើសច្បាប់ផ្សេងៗ។
   សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា «វាចំណេញអីបើយកកំហឹងទល់កំហល់មានតែខាតបង់ ទី១- ខ្មែរ និងខ្មែរស្រែកដាក់គ្នាលើទឹកដីប្រទេសអូស្ត្រាលីនាំឱ្យខ្មាស់ប៉ូលិសអូស្ត្រាលី និង ទី២- នាំឱ្យមិត្តភក្តិបងប្អូនដែលធ្លាប់ស្គាល់រាប់អានគ្នាដោយម្នាក់ចូលទៅខាងនេះ ម្នាក់ចូលទៅខាងនោះមើលមុខគ្នាត្រង់វាចំណេញស្អី»។
  សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ពិតជាអរគុណណាស់បងប្អូនខ្មែរយើងកំពុងរស់នៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ ដែលបានចូលរួមបញ្ចេញមតិយ៉ាងផុសផុលដើម្បីបង្ហាញនៅលើទឹកដីនៃប្រទេសអូស្ត្រាលី អំពីតម្លៃនៃសន្តិភាព អំពីតម្លៃនៃការអភិវឌ្ឍន៍ប្រទេសរបស់យើងដែលខ្មែរគ្រប់គ្នា និងគ្រប់ប្រទេសទាំងអស់ជាពិសេសអ្នកដែលធ្លាប់ឆ្លងកាត់ការបែកបាក់ដោយសារសង្គ្រាមឱ្យតម្លៃបំផុត និងនាំគ្នាថែរក្សាឱ្យបានជាប្រចាំ៕