កំពង់ស្ពឺ៖ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់សាធារណជនទាំងអស់ឱ្យចូលរួមប្រឆាំងការធ្វើអាជីវកម្មលើសាសនា និងត្រូវបន្តពង្រឹង និងពង្រីកការអប់រំផ្នែកសាសនាផងដែរ។
ការណ៍នេះធ្វើឡើងក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេកនិងសម្ពោធឆ្លងសមិទ្ធិផលនានាក្នុងវត្តមុនីរង្សីរតនារាម ហៅវត្តម្រុំជើង ស្ថិតក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នេះ មានតម្លៃសរុបក្នុងការសាងសងអស់ជាង ១លានដុល្លារ។
សម្តេចក្រឡាហោម ស ខេង បានថ្លែងថា «ក្នុងរដ្ឋធម្មនុញ្ញកម្ពុជាមានការគោរពលើសិទ្ធិសេរីភាព ក្នុងការជ្រើសរើសជំនឿសាសនា ដោយឡែកព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ហើយក៏ជាសាសនាដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសគោរពប្រតិបត្តិគ្រប់ៗគ្នាផងដែរ ហើយទន្ទឹមនេះក៏មានការគោរពដល់សាសនាដទៃដូចគ្នាដូច្នេះស្នើឱ្យមានការសាសនាទាំងអស់ត្រូវគោពគ្នាទៅវិញទៅមក ទើបនាំឱ្យសង្គមកម្ពុជា មានភាពសុខដុមរមនាជាមួយគ្នាជារៀងរហូត»។
សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអំពាវនាវដល់អ្នកដែលគោរពដល់ជំនឿសាសនាទាំងអស់ សូមចូលរួមប្រឆាំងការធ្វើអាជីវកម្មលើសាសនា ការរើសអើង និងការបែងចែកដែលនាំឱ្យមានការបែកបាក់និងខ្វះសាមគ្គីភាព និងជួយប្រែក្លាយសាសនាឱ្យទៅជាកម្លាំងសាមគ្គីតែមួយ។
ទន្ទឹមនិងនោះដែរ សម្ដេច ស ខេង ក៏បានណែនាំឱ្យបន្តពង្រឹង និងពង្រីកការអប់រំផ្នែកសាសនា ព្រមទាំងធ្វើការបណ្តុះបណ្តាល ធនធានមនុស្សក្នុងវិស័យព្រះពុទ្ធសាសនា ព្រមទាំងបណ្តុះបណ្តាលធនធានព្រះសង្ឃប្រកបដោយចំណេះដឹង ជំនាញ និងគុណធម៌ វិន័យឱ្យបានខ្ជាប់ខ្ជួន។
សម្តេចក្រឡាហោម ស ខេង បានណែនាំឱ្យបន្តថែរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំរវាងព្រះសង្ឃ និងពុទ្ធបរិស័ទ ពុទ្ធបរិស័ទ និងពុទ្ធបរិស័ទដោយចេះស្រឡាញ់ គោរពរាប់អានគ្នាទៅវិញទៅមក ដោយប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌ទាំង៤ និងត្រូវប្រកាន់ខ្ជាប់នូវសីលធម៌រស់នៅសមរម្យ ថ្លៃថ្នូរ ដើម្បីធ្វើជាគំរូដល់មនុស្សជំនាន់ក្រោយបានគោរពនិងរៀនសូត្រតាម៕