2024-03-04 21:01
217

ថ្ងៃចន្ទ ៩ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ លោកស្រីអភិបាលរងខេត្ត បានមានប្រសាសន៍ថា ក្នុងនាមលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកចូលរួម ជាអធិបតី ក្នុងឱកាសអបអរសាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល"នាពេលនេះ។
   ក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចម៉ែជាអម្ចាស់ទ្រង់សព្វព្រះរាជហឫទ័យចេញព្រះរាជសារ ដ៏មានអត្ថន័យ ជូនបងប្អូនជនរួមជាតិទាំងអស់ ហើយនាងខ្ញុំសូម អានជូននូវព្រះរាជសារដែលមានខ្លឹមសារទាំងស្រុង។ ក្រោយពីអានព្រះរាជសារចប់ លោកស្រីអភិបាលរងខេត្ត បានបន្តលើកឡើងថា ខ្ញុំសូមអរគុណចំពោះអង្គពិធីទាំងមូល ដែលបានការយកចិត្តទុកដាក់ស្តាប់នូវព្រះរាជសាររបស់ អង្គសម្តេចម៉ែ ដែលនាងខ្ញុំអានជូនអំបាញ់មិញនេះ។
   គណៈអធិបតី អង្គពិធីទាំងមូល ! ក្នុងព្រះរាជសារ បានលើកឡើងសព្វគ្រប់អស់ហើយនូវគោលនយោបាយដឹកនាំ និងលទ្ធផល នៃការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសប្រធានបទសម្រាប់ឆ្នាំនេះ ដែលឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងជាកំ ណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។
នាងខ្ញុំ សូមឆ្លៀតឱកាសនេះ សំដែងនូវការកោតសរសើរចំពោះមន្ទីរកិច្ចការនារីខេត្តកោះកុង ថ្នាក់ដឹកនាំជាស្ត្រី បងប្អូនស្ត្រី យុវនារី និងកុមារីទាំងអស់ក្នុងខេត្តកោះកុងរបស់យើង ដែលបាន បំពេញតួនាទី ភារកិច្ច ជាមន្ត្រីរាជការ ជាអ្នកធុរកិច្ច ជាភរិយា ជីដូន ម្តាយ បងស្រី ប្អូនស្រី ដ៏ល្អក្នុង គ្រួសារ សហគមន៍ និងសង្គមជាតិ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់សីលធម៌ សង្គម តម្លៃស្ត្រីនិងគ្រួសារខ្មែរ ។ ហេតុនេះការចូលរួមរបស់បងប្អូនស្ត្រីក្នុងគ្រួសារ ក្នុងវិស័យធុរកិច្ច នយោបាយ និងការងារមនុស្សធម៌ក្នុងសង្គមពិតជាមានសារៈសំខាន់ណាស់ សមដូចប្រសាសន៍ដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានលើកឡើងក្នុងកម្មវិធី “បងស្រី និង ប្អូនស្រី” នាខេត្តបាត់ដំបងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅថា “នៅក្នុងផ្ទះបើមិនមាន    ភរិយាខ្លាំង មិនមានម្ដាយល្អនោះ ស្វាមីនិងឪពុក ក៏ពិបាកនឹងមានឱកាសគ្រប់គ្រាន់ធ្វើរឿងជោគជ័យ នៅខាងក្រៅដែរ” ។
   ក្នុងទិសដៅសម្រេចឱ្យបាននូវការលើកកម្ពស់សមភាពយេនឌ័រប្រកបដោយបរិយាបន្ន នាងខ្ញុំ យល់ថា ក្រៅពីមានគោលនយោបាយល្អនោះ កត្តាស្ត្រីខ្លួនឯង គឺជាកត្តាចម្បង ហើយក៏ទាមទារនូវ ការជួយគាំទ្រពីភាគីពាក់ព័ន្ធនានាជាការចំបាច់ផងដែរ ។
   នាងខ្ញុំ សូមយកឱកាសនេះ សូមសំណូមពរដល់ បងប្អូននារីយើងគ្រប់រូប សូមដើរតួនាទីឱ្យ បានសកម្មបន្ថែមទៀតក្នុងការលើកកម្ពស់សីលធម៌សង្គម តាមរយៈការអប់រំកូនចៅ ការផ្តល់ចំណេះដឹង និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រសួងកិច្ចការនារី និងរដ្ឋបាលគ្រប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។
   ជាមួយគ្នានេះ ខ្ញុំសូមយកវេទិកានេះ អំពាវនាវដល់បុរសគ្រប់រូបត្រូវចូលរួមយ៉ាងសកម្មបន្ថែមទៀត ដោយជំរុញលើកទឹកចិត្ត គាំទ្រ និងផ្តល់ឱកាសឱ្យបានច្រើនចំពោះស្ត្រី ដើម្បីពួកគាត់អាចបំពេញតួនាទីក្នុងជួរថ្នាក់ដឹកនាំដែលមានសិទ្ធធ្វើសេចក្តីសម្រេច ការងារដឹកនាំអង្គភាពក៏ដូចជាការងារ សង្គមផ្សេងៗទៀត ក្នុងន័យផ្តល់ថាមពលដល់ស្ត្រីឱ្យក្លាយជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិយ៉ាងពិតប្រាកដ។
  ជាទីបញ្ចប់ នាងខ្ញុំសូមគោរពជូនពរ គណៈអធិបតី លោក លោកស្រី សមាជិកសមាជិកា នៃអង្គពិធីទាំងមូល សូមប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាត ឡើយ៕