2024-03-05 11:15
364

ម៉ែលប៊ន៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក Bran Black នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី (Business Council of Australia) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។

ក្នុងជំនួបនេះ លោក Bran Black នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី (Business Council of Australia)  បានគោរពថ្លែងអំណរគុណចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានអនុញ្ញាតឱ្យលោក និងសហការី បានចូលជួបសម្តែងការគួរសម ព្រមទាំងបានគោរពជម្រាបជូនសម្ដេចធិបតី នាយករដ្ឋមន្ត្រីថា «ក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី តំណាងឱ្យវិស័យឯកជនដែលមានក្រុមហ៊ុនឯកជនធំៗ របស់អូស្ត្រាលីជាង ១២០ ក្រុមហ៊ុន ដោយផ្ដល់ឱកាសការងារ ជាង ១លាន កន្លែង»។  

លោកនាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី ក៏បានគោរពជម្រាបជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត ផងដែរថា «ក្រុមប្រឹក្សាធុរកិច្ចអូស្រ្តាលី មានកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាសមាគម និងក្រុមធុរកិច្ច ព្រមទាំងផ្នែកពាក់ព័ន្ធនានា នៃរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ដើម្បីសម្របសម្រួលក្នុងការធ្វើធុរកិច្ច ររវាងវិស័យឯកជនអូស្ត្រាលី ជាមួយនឹងបណ្តាប្រទេសនានា ហើយបច្ចុប្បន្ននេះ ក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី បានទំនាក់ទំនងការងារជាមួយនឹងបណ្ដាប្រទេសជាច្រើន ដែលក្នុងនោះរួមមានបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ានផងដែរ»។ បន្ថែមពីនេះ លោកនាយកប្រតិបត្តិ បានបញ្ជាក់អំពីបំណងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយ ព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងធុរកិច្ច  និងពាណិជ្ជកម្មរវាងអូស្ត្រាលី  និងកម្ពុជាបន្ថែមទៀត។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍ចំពោះ លោកនាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី និងសហការី ដែលបានចូលជួបសម្ដែងការគួរសមនាឱកាសនេះ ហើយក៏បានបញ្ជាក់ផងដែរថា «រដ្ឋាភិបាលកម្ពុជា បានវាយតម្លៃខ្ពស់អំពីតួនាទីរបស់វិស័យឯកជន នៅក្នុងការចូលរួមចំណែកកសាងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច របស់កម្ពុជា»។ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនលោកនាយកប្រតិបតិ្តថា «ជំនួបនាថ្ងៃនេះ ជាឱកាសដែលអាចជំរុញឱ្យវិស័យឯកជន នៃប្រទេសអូស្ត្រាលីស្វែងយល់ និងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជាផងដែរ»។ 

ទន្ទឹមនឹងនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយចំពោះបំណងរបស់ ក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលីក្នុងការជំរុញនូវកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី ជាមួយនឹងកម្ពុជា ហើយសម្ដេចធិបតី ក៏បានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជាបើកចំហទ្វារស្វាគមន៍គ្រប់ធុរកិច្ច និងធ្វើជាស្ពានក្នុងការសម្របសម្រួល និងការធានានូវបរិយាកាសវិនិយោគនៅកម្ពុជាផងដែរ»។ 

ជាងនេះទៅទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ជូនលោកនាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី  អំពីគោលនយោបាយ និងច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលមានការលើកទឹកចិត្តដល់វិស័យឯកជន ដែលមកវិនិយោគនៅកម្ពុជា ស្របពេលដែលកម្ពុជាបានភ្ជាប់ទំនាក់ទំនងក្នុងកិច្ចសហប្រតិបត្តិការទៅក្នុងតំបន់ ក៏ដូចជាបណ្តាប្រទេសនានានៅក្នុងពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងកម្រិតទ្វេភាគី និងពហុភាគី ផងដែរ។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់យ៉ាងខ្លាំង និង លើកទឹក ចិត្តឱ្យមានការវិនិយោគផងដែរលើវិស័យបច្ចេកវិទ្យាឌីជីថល គ្រឿងបង្គុំអគ្គីសនី និងគ្រឿងបង្គុំរថយន្ត រួមទាំងវិស័យកសិកម្ម និងវិស័យទេសចរណ៍ផងដែរ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា»។  

មុននឹងបញ្ចប់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងលោកនាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី បានឯកភាពគ្នានៅក្នុងការ បង្កើតនូវយន្តការមួយបន្ថែមទៀត គឺ “ក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-អូស្រ្តាលី  (Cambodia-Australia’s Business Council)” ដើម្បីសម្របសម្រួល និងអាចជំរុញវិស័យពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងអូស្រ្តាលី ដោយសម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមប្រឹក្សាធុរកិច្ចអូស្រ្តាលីបន្តធ្វើកិច្ចសហការទៅលើការរៀបចំនូវយន្តការនេះជាមួយនឹងក្រសួងពាណិជ្ជកម្មកម្ពុជាក៏ដូចជាសភាពាណិជ្ជកម្មកម្ពុជា ៕