2024-03-05 16:31
414

ភ្នំពេញ៖ គណបក្សហ៊្វុនស៊ិនប៉ិច ប្រកាសថា «ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ បានប្រព្រឹត្តទៅប្រកបដោយបរិយាកាសនយោបាយល្អប្រសើរ និងទទួលយកលទ្ធដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផថដែរ»។

នេះនលយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សហ្វុនស៊ិនប៉ិច ដែលក្រុមការងារ msj tv ទទួលបាននៅរសៀលថ្ងៃច័ន្ទ ទី០៥ ខែវិច្ឆិកានេះ។
គណបក្សដែលមានសំឡេងឆ្នោតក្នុងសភាមួយនេះ បានអះអាងថា៖ ក្នុងនាមជាអ្នកប្រជាធិបតេយ្យជំនាន់ថ្មី ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធាន គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អង្គបោះឆ្នោតគ្រប់ៗរូប ជាតំណាងរាស្ត្រ និងសមាជិក សមាជិកានៃក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងមកនេះ។

ក្នុងនោះគណបក្សហ៊្វុនស៊ិនប៉ិច បានតាមដានយ៉ាងយកចិត្តទុកដាក់ នូវគ្រប់ដំណើរការនៃការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដោយបានកត់សម្គាល់ឃើញថា៖ «ការបោះឆ្នោតនេះ គឺបានប្រព្រឹត្តទៅប្រកបដោយបរិយាកាសនយោបាយល្អប្រសើរដែលអាចទទួលយកបាន»។

ដូច្នេះ គណបក្ស ហ៊្វុនស៊ិនប៉ិច ទទួលយកលទ្ធផលផ្លូវការ ដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នេះផងដែរ៕