2024-03-05 16:49
376

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ប្រកាសជាឱឡារិកគោរព និងទទួលយកលទ្ធផលផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវបានបញ្ចប់ប្រកបដោយភាពជោគជ័យ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ 

គណៈបក្សប្រជាជនកម្ពុជា បានប្រកាសថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅក្នុងបរិយាកាសនយោបាយប្រកបដោយលក្ខណៈសេរី មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងការគំរាមកំហែង ដែលបាន ធានានូវលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌នៃការបោះឆ្នោត។ 

គ្រប់គណបក្សនយោបាយដែលបានចុះបញ្ជី គណបក្សឈរឈ្មោះបោះឆ្នោត និងចុះបញ្ជីបេក្ខជនឈរឈ្មោះ សុទ្ធតែបានធ្វើសកម្មភាពដោយសេរី ហើយអ្នកបោះឆ្នោតគ្រប់រូបបានអនុវត្តយ៉ាងពេញលេញនូវសិទ្ធិសម្រេចចិត្តរបស់ខ្លួនក្នុងការបោះឆ្នោតនេះ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ 
តាមរយៈព្រឹត្តិការណ៍ជាប្រវត្តិ-សាស្រ្តដ៏មានសារៈសំខាន់នេះ បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ថា «លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មានភាពចាស់ទុំ ហើយកាន់តែត្រូវបានពង្រឹងឡើងតាមគន្លងនីតិរដ្ឋ ក្នុងបរិការណ៍ដែលព្រះរាជាណាចក្រកម្ពុជាមានសន្តិភាព និងឯកភាពជាតិពេញលេញ ប្រជាជនកំពុងរស់នៅយ៉ាងសុខដុមរមនា និងសម្រេចបានសមិទ្ធផលថ្មីៗទៀត ក្នុងការអភិវឌ្ឍសង្គមជាតិ»។

គណបក្សប្រជាជនកម្ពុជា ប្រកាសជាឱឡារិកនូវការគោរព និងទទួលយកលទ្ធផលផ្លូវការនៃការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាន ប្រកាសនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០២៤ នេះ។ លទ្ធផលនៃការបោះឆ្នោតនេះពិតជាបានឆ្លុះបញ្ចាំងទាំងស្រុងនូវ ឆន្ទៈដ៏ថ្លៃថ្លា និងមោះមុតរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេសក្នុងការថែរក្សាសន្តិភាព និងបន្តជំរុញការ អភិវឌ្ឍសេដ្ឋកិច្ច សង្គម ដើម្បីលើកស្ទួយជីវភាពរបស់ខ្លួន។ 

គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ជាថ្មីថា « គណបក្សនឹងបន្តធ្វើអ្វីៗគ្រប់យ៉ាង ក្នុងលទ្ធភាពទាំងអស់របស់ខ្លួន ដើម្បីពង្រឹងធ្លុងសាមគ្គីភាព ឯកភាពជាតិ, ថែរក្សាសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ, ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ លើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ និងបន្តជំរុញការអភិវឌ្ឍ ប្រទេសជាតិឱ្យកាន់តែរីកចម្រើនឡើង ធ្វើឱ្យប្រជាជនមានជីវភាពកាន់តែសម្បូរសប្បាយ រស់នៅយ៉ាង សុខដុមរមនាក្នុងសង្គមប្រកបដោយការគោរពតម្លៃមនុស្ស សេរីភាព និងយុត្តិធម៌»។ 

សូមជម្រាបថា គ.ជ.ប នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នេះ បានសេចក្ដីសម្រេចប្រកាសទទួលស្គាល់ជាផ្លូវការបេក្ខជនជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា តាមមណ្ឌលភូមិភាគទាំង៨ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានភាពជោគជ័យយ៉ាងត្រចះត្រចង់៕