2024-03-05 04:03
339

បាត់ដំបង៖ អាជ្ញាធរស្រុកគាស់ក្រឡ ហាក់ព្រងើយកន្តើយគ្មានវិធានការទប់ស្កាត់ ករណីក្រុមអនាធិបតេយ្យដែលកំពុងធ្វើសកម្មឈូសឆាយ ភ្ជួររាស់ រំលោភបំពានលើដីទំនាស់របស់ក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល (Agriculture Green Field Co.,Ltd) ទំហំជាង ៤ ០០០ហិកតា ដែលស្ថិតក្នុងភូមិគោករការ ឃុំដូនបា និងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់បាត់ដំបង។

ការគ្មានវិធានការទប់ស្កាត់បញ្ហាឈូសឆាយ រំលោភបំពានខាងលើនេះ គឺផ្ទុយពីការណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង និង ស.ជ.ណ.របស់ក្រសួងមហាផ្ទៃឱ្យរដ្ឋបាលស្រុកគាស់ក្រឡ ត្រូវបញ្ឈប់រាល់ការចុះហត្ថលេខាលើលិខិតទិញ-លក់ និងការកាប់គាស់ ប្រើប្រាស់ អាស្រ័យផលលើដីទំនាស់នេះ ប៉ុន្តែជាក់ស្តែងបច្ចុប្បន្នសកម្មភាពត្រាត់ទ័រកំពុងធ្វើការឈូសឆាត និងភ្ជួរយ៉ាងអនាធិបតេយ្យ ចំណែកអាជ្ញាធរឃុំ និងស្រុកសំងំដេកលក់មិនអើពើចុះទប់ស្កាត់ស្កាត់តាមការណែនាំរបស់ថ្នាក់លើឡើយ។

លោក រ៉ា ចាន់ ដែលអ្នកមើលការងារដីធ្លីឱ្យក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល បានថ្លែងប្រាប់ក្រុមការងារ msj tv ថា «បច្ចុប្បន្ននេះសកម្មភាពក្រុមអនាធិបតេយ្យមិនគោរពច្បាប់មួយចំនួនកំពុងធ្វើសកម្មភាពឈូសឆាយ និងភ្ជូររ៉ាស់ គាស់កកាយ យ៉ាងគគ្រឹកគគ្រេងលើដីរបស់ក្រុមហ៊ុន ប៉ុន្តែអាជ្ញាធរភូមិ ឃុំ និងស្រុកហាក់គ្មានវិធានទប់ស្កាត់ទាល់តែសោះបណ្តែតបណ្តោលឱ្យធ្វើតាមអំពើចិត្ត»។ 

លោកបានបន្ថែមទៀតថា «ជុំវិញរឿងរ៉ាវទំនាស់ដីធ្លីខាងលើនេះ មេធាវីតំណាងដោយអាណត្តិរបស់ក្រុមហ៊ុននាពេលកន្លងមបានដាក់លិខិតអន្តរគមន៍ជាច្រើនលើកទៅរដ្ឋបាលស្រុកគាស់ក្រឡ និងរដ្ឋបាលខេត្តបាត់ដំបង ប៉ុន្តែគ្មានលទ្ធផលអ្វីនោះឡើយ។ ថ្នាក់ដឹកនាំឃុំ ស្រុក និងខេត្តហាក់ដូចជាគ្មានជំហរក្នុងការចេញមុខសម្របសម្រួលដោះស្រាយ ដើម្បីបញ្ចប់បញ្ហាទំនាស់រវាងក្រុមហ៊ុន និងប្រជាពលរដ្ឋដែលរំលោភចាប់យកដីរបស់ក្រុមហ៊ុន និងប្រជាពលរដ្ឋខ្លះទៀតបានរងគ្រោះដោយសារចាញ់បោកគេនាំមកទិញដីជាន់លើដីក្រុមហ៊ុនដោយសារមានការធានាអះអាងព្រមទាំងស៊ីញ៉េទទួលស្គាល់លើលិខិតស្នាមក្នុងការលក់-ទិញពីសំណាក់មេភូមិ និងមេឃុំ ទាំងដឹងយ៉ាងច្បាស់ថានោះជាដីរបស់ ក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល បានទិញពីក្រុមគ្រួសារទ័ពដែលធ្វើសមាហរនកម្ម និងប្រជាពលរដ្ឋផ្សេងៗទៀតស្របច្បាប់មានទទួលស្គាត់ចាប់តាំងពីមេភូមិ មេឃុំ មន្ត្រីជំនាញការិយាល័យភូមិបាល និងអភិបាលស្រុកត្រឹមត្រូវ»។

ក្នុងនោះដែរ លោក រ៉ា ចាន់ តំណាងក្រុមហ៊ុន អេហ្រ្គីខលឈ័រ ហ្រ្គីនហ្វៀល ដែលនៅប្រចាំការផ្ទាល់ បានបញ្ជាក់ថា៖ «ក្រុមជនខិលខូចនៅបន្តសកម្មភាពឈូសឆាយដីព្រៃ កាយចាក់ដី យ៉ាងសកម្មជារៀងរាល់ថ្ងៃ រហូតមកដល់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤នេះ មានសកម្មភាព ក្រុមជនខិលខូច ធ្វើការឈួសឆាយដ៏ដែល ដោយសកម្មភាពទាំងនោះ មានការផ្ដល់ដំណឹង និងរាយការណ៍ជូនដល់អាជ្ញាធរស្រុកអំពីសកម្មភាពអានាធិបតេយ្យទាំងនេះពីតំណាងក្រុមហ៊ុនក៏មិនមានចំណាត់ការដដែល»។

យោងតាម ស.ជ.ណ.រដ្ឋបាលខេត្តបាត់ដំបង លេខ២៧៦៦/២៣ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ គោរពជូនលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា «ករណីវិវាទរវាងក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល ជាមួយប្រជាពលរដ្ឋ ចំនួន ៣៤០គ្រួសារ និងអង្គភាពស៊ីម៉ាក់ ព្រមទាំងគ្រួសារទ័ព មានទីតាំងក្នុងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ និងភូមិគោករការ ឃុំដូនបា ស្រុកគាស់ក្រឡ រដ្ឋបាលខេត្តបានខិតខំព្យាយាមសម្រុះសម្រួល ដោះស្រាយជាច្រើនលើក ច្រើនសារគិតចាប់តាំងពីឆ្នាំ២០២០ ប៉ុន្តែពុះឈានដល់ការស្រុះស្រួលគ្នាទេ»។

ក្នុង ស.ជ.ណ. របស់រដ្ឋបាលខេត្តបាត់ដំបង ដែលចុះហត្ថលេខាដោយឯកឧត្តម សុខ លូ អភិបាលខេត្ត បានបញ្ជាក់ថា «ដីដែលកំពុងមានទំនាស់រវាងក្រុមហ៊ុនជាមួយប្រជាពលរដ្ឋ អង្គភាពស៊ីម៉ាក់ និងគ្រួសារទ័ព គឺស្ថិតដីគំរបព្រៃឈើឆ្នាំ២០០២ របស់រដ្ឋទៀតផង ហើយអាជ្ញាធរខេត្តសម្រេចបញ្ឈប់ទទួលយកសំណុំររឿងរបស់ក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល មកដោះស្រាយទៀតហើយ និងបានចាត់ឱ្យរដ្ឋបាលស្រុកគាស់ក្រឡមានវិធានការទប់ស្កាត់រាល់ការកាប់ទន្រ្ទាន និងសាងសង់សំណង់ថ្មីបន្តទៀត ព្រមទាំងទប់ស្កាត់រាល់់ការចុះហត្ថលេខានានារបស់អាជ្ញាធរមូលដ្ឋានលើដីទំនាស់នេះ»។

ពាកព័ន្ធករណីច្រានចោលរបស់រដ្ឋបាលខេត្តបាត់ដំបង បញ្ឈប់មិនទទួលយកសំណុំរឿងដីធ្លីរបស់ក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល យកទៅដោះស្រាយ និងបានចាត់ទុកដីដែលក្រុមហ៊ុនបានទិញស្របច្បាប់ស្ថិតក្នុងគំរបព្រៃឈើឆ្នាំ២០០២របស់រដ្ឋ លោក អ៊ុម វ៉ារី មេធាវីដំណាងដោយអាណត្តិ បានដាក់ពាក្យស្នើសុំកិច្ចអន្តរាគមន៍ ទៅឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ដោយបានអះអាងថា៖ «លោក លី យិតគួន (សញ្ជាតិខ្មែរ) បានទិញដីភោគៈស្របច្បាប់ ចំនួន ៤ ០៦៧ (បួនពាន់សូន្យរយហុកសិបប្រាំពីរ) ហិកតា នៅភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ និងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដើម្បីអភិវឌ្ឍន៍លើវិស័យកសិកម្ម»។

មេធាវីរូបនេះ បានឱ្យដឹងថាទៀតថា៖ «លោក លី យិតគួន បានទិញដីនេះបន្តពីលោក សោម វ៉ាន់ធឿន, លោក ម៉ក់ សុផល, និងលោក ថៃ ទី ដែលពួកគាត់ទាំងបីនាក់នេះប្រមូលរៀបដីទំហំ សរុបចំនួន ៤ ០៦៧ (បួនពាន់ និងហុកសិបប្រាំពីរ) ហិកតា ពីពលរដ្ឋជាអតីតកងទ័ពសមាហរណកម្មក្រោយបញ្ចប់សង្រ្គាមឆ្នាំ១៩៩៦ នៅតំបន់សំឡូត ដែលដីរបស់ពួកគាត់នេះ គឺទទួលបានមកពីការបែងចែករបស់រដ្ឋអំណាចកាលសម័យនោះ ហើយដែលចូលកាន់កាប់និងគ្របគ្រងដីនេះបាន៥ឆ្នាំ ទើបអាជ្ញាធរមូលដ្ឋានភូមិឃុំចេញលិខិតបញ្ជាក់ការកាន់កាប់ដីធ្លីឱ្យក្នុងឆ្នាំ២០០១។ ដីរបស់ក្រុមហ៊ុនដែលកំពុងមានវិវាទនេះ គឺមានប្រឡាយព័ទ្ធជុំវិញជាព្រំដី ដែលកាយដោយក្រុមហ៊ុនបន្ទាប់ពីបានទិញរួចតាំងពីអំឡុងឆ្នាំ២០០៦-២០០៨ មកម្ល៉េះ»។

មេធាវីតំណាងឱ្យក្រុមហ៊ុន អេហ្រ្គីខលឈ័រ ហ្រ្គីនហ្វៀល ធ្លាប់បានដាក់ពា្យសុំកិច្ចអន្តរាគមន៍ជាច្រើនលើកទៅ អភិបាល នៃគណៈអភិបាលស្រុកគាស់ក្រឡ និងទៅអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ច្រើនលើកមកហើយដើម្បីជួយទប់ស្កាត់ និងហាមឃាត់ជនខិលខូចដែលបាននឹងកំពុងឃុបឃិតគ្នា ធ្វើសកម្មភាព ឈូសឆាយព្រៃ ភ្ជួររាស់ ទន្ទ្រានពង្រីកកាន់កាប់ សង់ខ្ទម ហ៊ុមព័ទ្ធរបងរំលោភលើដីកំពុងមានទំនាស់រ៉ាំរ៉ៃមិនដែលទទួលបានកិច្ចអន្តរាគមន៍ម្តងឡើយ។ ស្រាប់តែនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានចេញលិខិតលេខ ២៧២៥/២៣ សជណ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បញ្ឈប់ទទួលយកសំណុំរឿងរបស់ ក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល មកបន្តដោះស្រាយទៅវិញ។

យោងតាមលិខិតលេខ ១២៦ ស.ជ.ណ. របស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ដែលមានហត្ថលេខា ជ.រដ្ឋមន្ត្រី ដោយលោក អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ  ស្តីពី លទ្ធផលនៃការចុះអង្កេតស្រាវជ្រាវលើពាក្យអន្តរាគមន៍របស់ប្រជាពលរដ្ឋ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ដែលរស់នៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលពាក់ព័ន្ធបញ្ហាទំនាស់ដីធ្លីរបស់ក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល ចោទប្រកាន់អ្នកពាក់ព័ន្ធមួយចំនួនប្រើអំណាច យកតួនាទីរបស់ខ្លួនគំរាមកហែង និងយកដីរបស់ប្រជាពលរដ្ឋធ្វើជាកម្មសិទ្ធដែលអង្គភាព msj tv ទទួលបាននៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឱ្យដឹថា ក្រោយការស៊ើបអង្កេតស្រាវជ្រាវរួចមក ក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់រដ្ឋបាលខេត្តបាត់ដំបង ដូចតទៅ៖ ១- ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងដីរដ្ឋ ក្នុងនាមគណៈកម្មការគ្រប់គ្រង់ដីរដ្ឋថ្នាក់ខេត្ត និង ២- ត្រូវធ្វើការណែនាំដល់រដ្ឋបាលស្រុកគាស់ក្រឡ និងរដ្ឋបាលឃុំដូនបា ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លូន ក្នុងនាមជាអាជ្ញាធរបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋស្រមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងបញ្ឈប់ការចេញលិខិតបញ្ជាក់លើការទិញ-លក់ និងការកាន់កាប់ ប្រើប្រាស់ អាស្រ័យផលលើដីទំនាស់នេះ។

ប៉ុន្តែក្រោយពីមាន ស.ជ.ណ.របស់ក្រសួងមហាផ្ទៃ ណែនាំបែបនេះ ក៏រដ្ឋបាលស្រុកគាស់ក្រឡមិនអនុវត្តន៍តាមនោះដែរ នៅតែបណ្តែតបណ្តោយឱ្យសកម្មភាពឈូសឆាយ និងអាស្រ័យលើដីទំនាស់យ៉ាងអនាធិបតេយ្យដដែលដោយគ្មានវិធានការទប់ស្កាត់ឡើយ ជាពិសេសចាត់ទុកលិខិតបទដ្ឋានគតិយុត្តរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គ្មានតម្លៃដើម្បីអនុវត្តន៍នោះឡើយ។

លោក ញ៉ឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ ក្រុមការងារ msj tv បានធ្វើការទំនាក់ទំនងដើម្បីសាកសួរបំភ្លឺពាក់ព័ន្ធបញ្ហាវិវាដីធ្លីរំលោភបំពានដីធ្លីរបស់ក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល កំពុងមានសកម្មភាពរំលោភបំពានឈូសឆាយ ភ្ជូររាស់ វាតទី ទន្រ្ទានយ៉ាងអនាធិបតេយ្យលើដីមានទំនាស់ផ្ទុយពីការណែនាំរបស់រដ្ឋបាលខេត្ត និង ស.ជ.ណ. របស់ក្រសួងមហាផ្ទៃនោះ លោកមិនធ្វើការអត្ថាធិប្បាយនោះទេដោយប្រាប់ថា «លោកកំពុងជាប់រវល់ប្រជុំ ហើយពាក់ព័ន្ធបញ្ហានេះអាចទៅជួបខាងរដ្ឋបាលស្រុកគាត់នឹងជម្រាបជូនអំពីព័ត៌មានទាំងនេះ»។

លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តបាត់ដំបង ក្រុមការងារយើងបានធ្វើការទំនាក់ទំនងតាមប្រព័ន្ធតេឡេក្រាម ដើម្បីសុំការបកស្រាយបន្ថែម ចំពោះវិធានការនៃទប់ស្កាត់សកម្មភាពក្រុមអនាធិបតេយ្យដែលកំពុងធ្វើសកម្មភាពលើដីទំនាស់របស់ក្រុមហ៊ុននេះលោកប្រាប់យ៉ាងខ្លីថា «ករណីនេះ រដ្ឋបាលខេត្តកំពុងពិនិត្យហើយ»។

ក្នុងវេទិកាសាធារណៈនាពេលកន្លងទៅថ្មីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់ណែនាំដល់អភិបាលរាជធានី ខេត្ត ស្រុក ខណ្ឌ ក្នុងករណីមានវិវាទនៅកន្លែងណាត្រូវដោះស្រាយនៅកន្លែងនោះ ប្រសិនជាខ្វះមន្ត្រីជំនាញ ឬអ្នកចប្ចេកទេសផ្សេងៗនឹងចាត់មន្ត្រីថ្នាក់ជាតិ ដើម្បីឱ្យទៅជំរុញការដោះស្រាយ៕