កំពង់ចាម : អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ការលើកកម្ពស់តួនាទីរបស់ស្ត្រី និងក្មេងស្រី នៅក្នុងបរិវត្តកម្មឌីជីថល ពិតជាចាំបាច់ និងមានសារៈសំខាន់ នៅក្នុងពន្លឿនកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយបរិយាបន្ន។ ឯកឧត្តមអភិបាលខេត្តបានថ្លែងបែបនេះនៅក្នុងឱកាសប្រារព្ធ ពិធី អបអរសាទរ ខួបលើកទី១១៣ ទិវា អន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ដែលបានធ្វេីឡេីងនាព្រឹក ថ្ងៃទី ៧ ខែមិនា ឆ្នាំ ២០២៤នៅសាលាខេត្តកំពង់ចាម ។
ឯកឧត្តមអ៊ុន ចាន់ដា បានថ្លែងថាបរិវត្តកម្មឌីជីថល ក្នុងការប្រែក្លាយប្រជាពលរដ្ឋកម្ពុជា ឱ្យទៅជាពលរដ្ឋឌីជីថល ដែលមាន សមត្ថភាពក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល មកប្រើប្រាស់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ កម្ពុជាត្រូវផ្ដោតការយកចិត្តទុកដាក់លើការធានាឱ្យបាននូវ ការកសាងអ្នកដឹកនាំឌីជីថល ដើម្បីជំរុញឱ្យការធ្វើអន្តរកម្មរបស់ប្រជាពលរដ្ឋគ្រប់រូបនៅក្នុងប្រព័ន្ធ អេកូឡូស៊ីនៃសេដ្ឋកិច្ច និងសង្គមឌីជីថល កាន់តែមានសក្តិសិទ្ធិភាពថែមទៀត ។
ឯកឧត្តមអភិបាលខេត្តបានបន្តថាភាពចាំបាច់សម្រាប់ការជំរុញនិងការអភិវឌ្ឍពលរដ្ឋឌីជីថល ជាពិសេសក្នុងចំណោមយុវជននឹងផ្តោតលើការបង្កើនការយល់ដឹងសារៈសំខាន់ និងកាលានុវត្តភាព ពីការអភិឌ្ឍសេដ្ឋកិច្ចឌីជីថល និងជំរុញការចាប់យកជំនាញនៅក្នុង វិស័យឌីជីថល ទាំងនៅក្នុងវិស័យសាធារណៈ និងវិស័យឯកជន។
ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្តកំពង់ចាមបានសង្កត់ធ្ងន់ថានៅពេលស្ត្រីនិងក្មេងស្រីមានចំណេះដឹងនិងសមត្ថភាពផ្នែកឌីជីថល អាចធ្វើឱ្យពួកគេបានចូលរួមដោយសកម្ម ប្រកបដោយសុវត្តិភាព នៅក្នុងសេដ្ឋកិច្ច និងសង្គមឌីជីថល។ បរិវត្តកម្មឌីជីថល នឹងផ្តល់នូវ មធ្យោបាយថ្មីៗសម្រាប់ស្ត្រី និងក្មេងស្រី ក្នុងការអនុវត្តសិទ្ធិ ការលើកកម្ពស់ឋានៈតួនាទី ការទទួលបានកាលានុវត្តភាព និងជម្រើសនានានៅក្នុងការរស់នៅ និងលើកកម្ពស់ស្ថានភាព សេដ្ឋកិច្ច-សង្គម របស់ខ្លួន និងគ្រួសារ រួមទាំងការទទួលបានលទ្ធភាពកាន់តែទូលំទូលាយសម្រាប់ការសិក្សាអប់រំ ការ អភិវឌ្ឍជំនាញវិជ្ជាជីវៈ ការប្រកបមុខរបរ ការងារ និងអាជីវកម្មជាដើម ។ នៅក្នុងនោះ បច្ចេកវិទ្យាឌីជីថល និងពង្រីកលទ្ធភាពរបស់ស្ត្រី និងក្មេងស្រី ក្នុងការទទួលបានព័ត៌មានចំណេះដឹង ការលើកកម្ពស់ សុខុមាលភាព ការបញ្ចេញមតិយោបល់ និងសម្រាប់ការតភ្ជាប់បណ្តាញទំនាក់ទំនងនៅក្នុងសង្គម កាន់តែទូលំទូលាយ ផងដែរ ៕