2024-03-08 14:48
281

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែ មីនា ឆ្នាំ២០២៤ បានលើកយកសំណុំរឿង ប្តីបាញ់សម្លាប់ប្រពន្ធមានផ្ទៃពោះ៤ ខែ មកបើកសវនាការជំនុំជម្រះទោស ប៉ុន្តែសវនាការក្រោយពីបញ្ចប់ការសាកសួរដេញដោល តុលាការបានលើក ពេលប្រកាសសាលក្រមទៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ខាងមុខ ។ 

សវនាការបានធ្វើឡើងជាសាធារណៈដែលមានលោក ហម ម៉េងសែ អនុប្រធានសាលាដំបូង ជាប្រធានក្រុមប្រឹក្សាជំនុំ ជម្រះ និងលោក សាន សុភៈ ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ចំពោះមុខជនជាប់ចោទឈ្មោះ យ័ន្ត គុយហេង ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរ គួកជេររថយន្ត ត្រូវបានចោទប្រកាន់ចំនួន៣.បទល្មើសដែលជាសុទ្ធជាបទល្មើសព្រហ្មទណ្ឌ.ឧក្រិដ្ឋ ។

សូមជម្រាបថា លោក រ័ត្ន ស៊ីថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ បានចេញដីកាសម្រេចឃុំខ្លួនជនសង្ស័យជាឃាតករបាញ់សម្លាប់ប្រពន្ធ ដាក់ពន្ធនាគារមណ្ឌលអប់រំកែប្រែទី១ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ចំនួន៣បទល្មើស ៖
ទី១បទ.ឃាតកម្មដែលមានស្ថានទម្ងន់ទោស”ទាក់ទិននឹងមរណៈភាពជនរងគ្រោះ” 
ទី២បទ.កាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត  ទី៣បទ.រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅផ្ទះលេខ១៦៨ បុរីគួរស្រូវ ៣ ផ្លូវលេខKS០៣ ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជ ធានីភ្នំពេញ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា ២០២ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ មាត្រា ៤០ និងមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ ជនសង្ស័យឈ្មោះ យ័ន្ត គុយហេង ភេទប្រុស អាយុ៣៣ ឆ្នាំ ជាជនញៀនថ្នាំ និងធ្លាប់ជាប់ពន្ទនាគារនៅខេត្តព្រះសីហ នុ១០ ឆ្នាំ ពាក់ពន្ធករណីប្រើដំថ្មវាយ សម្លាប់មនុស្ស ហើយក៏ទើបនិងចេញពីពន្ធនាគារព្រៃសជាង២ ខែមុននេះ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន”ជាប់គុក២ ឆ្នាំ” ។ 

ចំណែកជនរងគ្រោះឈ្មោះ ម៉ៃ សុគន្ធា ហៅ អេណា អាយុ៣៤ ឆ្នាំ មុខរបរ សាឡន នាងធ្លាប់មានប្ដីទី១ កូន៤នាក់ ប៉ុន្តែបានលែងលះគ្នាជាង១ ឆ្នាំហើយ បន្ទាប់មកក៏បានយកប្ដីទី២ ដោយបានរស់នៅជាមួយគ្នាបានរយៈពេលប្រមាណ១ឆ្នាំ និងមានផ្ទៃពោះ៤ ខែ គិតមកដល់ថ្ងៃដែលត្រូវប្ដីបាញ់សម្លាប់ ។ ជនដៃដល់បានឆ្លើយយសារភាពនៅសមត្តកិច្ចថា អំពើឃាតកម្មនោះគឺផ្ដើមចេញពីភ្លើងប្រចណ្ឌ ដែលជនរងគ្រោះមានខ្លួនជាប្តីហើយនៅលួចទាក់ទងជាមួយប្រុសផ្សេងទៀត ។ ប៉ុន្តែនេះជាចម្លើយរវើរវាយរបស់ជនសង្ស័យតែប៉ុណ្ណោះ ជាក់ស្តែងជនសង្ស័យជាមនុស្សជោគជាំទៅដោយគ្រឿងញៀន និយាយលែងដឹងខុសត្រូវ ។ ក្រោយបាញ់សម្លាប់ជនរងគ្រោះរូបគេ បានចូលខ្លួនទៅសារភាពពីទោសកំហុសនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បន្ទាប់ពីរត់គេចខ្លួនបានប៉ុន្មានម៉ោងមកនោះ ។ 

ក្រោយពេលចូលសារភាពសមត្តកិច្ចក៏បានទៅឆែក ឆេរផ្ទះជនសង្ស័យ រកឃើញថ្នាំញៀនជាង២គីឡូក្រាម រីឯអាវុធខ្លីដែលខ្លួនបានយកមកប្រើប្រាស់បាញ់សម្លាប់ប្រពន្ធ គឺទិញមកពីព្រំដែនកម្ពុជាថៃ ។ សូមជម្រាបថា ៖ ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៤៥ នាទីរសៀល ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេ១៦៨ ផ្លូវលេខKS ០៣ បុរីពិភពថ្មីកួរស្រូវ៣ ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បើយោងតាមបទល្មើសដូចការចោទប្រកាន់ខាងលើនេះ ជនដៃដល់ជាឃាតករបាញ់សម្លាប់ប្រពន្ធ យ៉ាងសាហាយឃោឃៅព្រៃផ្សៃនោះ ម្តងនេះពិតជាដេកគុកអស់មួយជីវិត៕