ក្រចេះ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ បានអញ្ជេីញជាអធិបតីដ៏ខ្ពងខ្ពស់ ក្នុងពិធីប្រកាសតែងតាំងមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ជាមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពុងឆ្នាំង ផ្លាស់មកបំពេញភារ:កិច្ចតួនាទី ជាមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តក្រចេះ ជំនួសលោកឧត្តម សេនីយត្រី សាន្ត ប៊ុនថាន ដែលត្រូវតែងតាំងនិងផ្លាស់ប្តូរ ជាមេបញ្ជាការកងរាជអាវុហត្ថ ខេត្តកំពុងឆ្នាំងវិញ។
ពិធីប្រកាសនេះធ្វេីឡេីងនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សា និងលោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត។
ក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ មានប្រសាន៍បញ្ជាក់ឱ្យដឹងថា ÷កងរាជអាវុធហត្ថខេត្តក្រចេះ ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយត្រី សាន្ត ប៊ុនថាន ក្នុងអាណត្តិបំពេញការងារកន្លងមកនេះ បានខិតខំបំពេញការងារ និងអនុវត្តតាមតួនាទីភារកិច្ចម៉ឺងម៉ាត់ ដោយធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម ទប់ស្កាត់ និងបង្រ្កាបនូវរាល់បទល្មើសនានានៅក្នុងខេត្តបានយ៉ាងល្អប្រសើរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា÷ កិច្ចការងារផ្លាស់ប្តូរតែងតាំងមុខតំណែង របស់មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថ គឺជាកិច្ចដំណើរការទូទៅ ក្នុងការពង្រឹងនូវប្រសិទ្ធិភាពការងារគ្រប់គ្រងដឹកនាំអង្គភាព ឱ្យកាន់តែរីកចម្រើនប្រសើរឡើងថែមទៀត តាមមូលដ្ឋាននីមួយៗ ។
មានប្រសាសន៍បន្ថែម ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានធ្វើការផ្តាំផ្ញើដល់ លោកឧត្តមសេនីយ៍ សាក់ សារ៉ាង ដែលត្រូវចូលកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះនាពេលនេះ ត្រូវតែខិតខំបម្រើប្រជាពលរដ្ឋឲ្យបានល្អបន្ថែមទៀត ហើយត្រូវតែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង មានក្រមសីលធម៌ទៅលើការអនុវត្តច្បាប់ ដោយផ្សារភ្ជាប់ជាមួយសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់កាលៈទេសៈ បន្តចូលរួមពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-សង្កាត់ មានសុវត្ថិភាព» ក្នុងមូលដ្ឋាន ធ្វើឲ្យសង្គមជាតិ ប្រកបដោយភាពសុខសាន្ត៕ ណូរិទ្ធ (ក្រចេះ)