2024-03-10 18:30
413

ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានអំពាវនាវដល់អ្នកសារព័ត៌មាន ក៏ដូចជាអ្នកផលិតមាតិកា វីដេអូ និង អ្នកសរសេរប្លុក មួយចំនួនជាពិសេសក្រុម MMO សូមគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានក្នុងការផលិតខ្លឹមសារដោយមិនត្រូវគិតត្រឹម តែការទាក់ទាញយកចំនួន Likes ; Shares, views ដើម្បីបានប្រាក់ឡើយ ពោលគឺត្រូវឈរលើមូលដ្ឋានវិជ្ជាជីវៈ ការគោរពនូវសិទ្ធិឯកជនរបស់បុគ្គល និងជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ បង្កចលាចល និងភាពវឹកវរដោយសារតែការចង់បានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ឬតិកតុក របស់ខ្លួន។ទន្ទឹមនិងនោះដែរឯកឧត្តម សង្ឃឹមថា អ្នកផលិតមាតិកាវីដេអូ ឬ ប្លុក នឹងចូលរួមប្រើប្រាស់ភាពច្នៃប្រឌិត និងទស្សនៈសុទិដ្ឋិនិយមរបស់ខ្លួន ដើម្បីបង្ហាញពីភាពស្រស់ស្អាត និងការពិតរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោកឱ្យដឹង។
   ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធក្រុមហ៊ុន Influence Media ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយ កាលពីល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ នាមជ្ឈមណ្ឌលសន្និបាត                  PH GRAND ប៉េងហួត បឹងស្នោរ រាជធានីភ្នំពេញ  ជាមួយការបើកសម្ពោធនេះដែរក៏មានការបើកដំណើរការផ្សព្វផ្សាយ របស់កាសែត IN News ដែលស្ថិតក្រោមការ គ្រប់គ្រងរបស់ក្រុមហ៊ុន Influence Media ផងដែរ។

   ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា ការបើកដំណើរការក្រុមហ៊ុន Influence Media នាឱកាសនេះនេះ ជាការចូលរួមបន្ថែមនៅក្នុងការបង្កើតភាពសម្បូរបែបនៃការផ្តល់សេវាក្នុងវិស័យសារព័ត៌មាន និងបានធ្លុះបញ្ចាំងឱ្យឃើញនូវការ រីកចម្រើននៃវិស័យសារព័ត៌មាននៅកម្ពុជា ព្រមទាំងបានចូលរួមយ៉ាងសកម្មជាប្រភពបន្ថែមក្នុងការផ្តល់ព័ត៌មាន និងការកម្សាន្តជូនប្រជាពលរដ្ឋក្នុងបរិបទឌីជីថល។
   ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងព័ត៌មានតែងតែគាំទ្រ និងលើកទឹកចិត្តដល់ការបង្កើតប្រព័ន្ធផ្សព្វផ្សាយនានា ដោយក្រសួងជឿជាក់ថាការ ផ្សព្វផ្សាយព័ត៌មានតាមបណ្តាញផ្សព្វផ្សាយចម្រុះមិនត្រឹមតែធ្វើឱ្យប្រជាជនកម្ពុជា ក៏ដូចជាសាធារណជនទូទៅ ទទួលបានព័ត៌មានពិតឆាប់ រហ័សអំពីប្រទេសកម្ពុជា ប៉ុណ្ណោះទេថែមទាំង ជំរុញលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ និង រួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ ផងដែរ។
   ឯកឧត្តម រដ្ឋមន្រ្តី បានគូសបញ្ជាក់ថាបច្ចុប្បន្ននេះប្រព័ន្ធផ្សព្វផ្សាយទាំងបុរាណ និងទំនើបនៅកម្ពុជាមានចំនួនជាង ២ ០០០ ដែលបានចុះបញ្ជីស្របតាមច្បាប់នៅក្រសួងព័ត៌មាន និងកំពុងតែដើរតួនាទីសំខាន់នៅក្នុងការផលិតខ្លឹមសារផ្សេងៗ និងផ្សព្វផ្សាយជូនដល់សាធារណជន។ នេះមិនទាន់និយាយពីបណ្តាញទំនាក់ទំនង ហ្វេសប៊ុក តិកតុក អ៊ីស្តាក្រាម ធ្វីតធ័រ ជាច្រើនលានគណនីដែលកំពុងផលិតខ្លឹមសាររាប់លាន និងចាក់ចូលក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជានៅឡើយទេ ។
   ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមជឿជាក់ថា កាសែត INNews នឹងបង្ក លក្ខណៈកាន់តែ ទូលំទូលាយដល់ការចែករំលែក ព័ត៌មាន ពិតអំពីកម្ពុជាទៅកាន់សាធារណជនជាជនជាតិខ្មែរ ចិន និងពលរដ្ឋដទៃ ពីព្រោះកាសែត នេះ មានបោះពុម្ពផ្សាយជា ៣ ភាសា គឺខ្មែរ ចិន និង អង់គ្លេស ជាពិសេសសង្ឃឹមថាក្រុមហ៊ុន Influence Media សារព័ត៌មាន INNews នឹងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ដោយផ្សព្វផ្សាយព័ត៌មានពិត និងត្រឹមត្រូវ ពីព្រោះប្រព័ន្ធ ផ្សព្វផ្សាយជាភ្លើងបំភ្លឺសង្គម ពន្លឺរបស់វាអាចបំភ្លឺការពិត និងចូលរួមថែរក្សាសុខសន្តិភាពការរួបរួមសាមគ្គីភាព និងការអភិវឌ្ឍជាតិក្នុងសង្គម តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត មានក្រមសីលធម៌វិជ្ជាជីវៈ ប្រកបដោយការទទួលខុសត្រូវ និងមានប្រយោជន៍សម្រាប់សង្គមជាតិទៀតផង ៕