2024-03-10 18:31
274

(កំពង់ចាម)៖ នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ លោក រ៉ូហ្វី អូស្មាន អនុប្រធានសមាគមសម្ព័ន្ឌយុវជនមុស្លិមកម្ពុជា(CMYA) តំណាងលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាល (CMYA) លោក ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភា លោក សា សុីថាអភិបាលរងខេត្តកំពង់ចាម តំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចុះសំណេះសំណាល សាកសួរសុខទុក្ខ និងចែកកញ្ចប់អាហារខែរ៉ាម៉ាឌន ដែលបានមកពីក្រុមហ៊ុន HALAL PARK CAMBODIA និងEARTH CHILD Project ជូនដល់ប្រជាពលរដ្ឋចំនួន ៥៥២គ្រួសារ ដែលស្ថិតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម។
   ថ្លែងឱកាសនោះ លោកក៏បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកទេសរដ្ឋមន្ត្រី អស្មាន ហាស្សាន់ ជូនដល់ប្រជាពលរដ្ឋជាទីនឹករលឹកបំផុត។ លោក រ៉ូហ្វី អូស្មាន បានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្ស គឺជាវិស័យដែលមានអទិភាពមួយផងដែរ ក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នៃអាណត្តិទី៧នេះ ហើយរាជរដ្ឋាភិបាល នៅតែបន្តទទួលជំនួយ និងគាំទ្រនូវការចូលរួមនានា ពីសប្បុរសជនជាតិអន្តរជាតិ និងប្រទេសដៃគូ ដើម្បីអភិវឌ្ឍន៍លើវិស័យនេះ ឲ្យកាន់តែរីកចម្រើន។
   លោកបានបន្ថែមថា ការផ្ដល់ជំនួយជាបន្តបន្ទាប់ ពីអន្តរជាតិនេះ ក៏ព្រោះតែពលរដ្ឋមានការគាំទ្រលើរាជរដ្ឋាភិបាល ធ្វើឲ្យម្ចាស់ជំនួយទាំងអស់នោះមានភាពកក់ក្ដៅ និងពេញចិត្តក្នុងការផ្ដល់ជំនួយនានា ដើម្បីផ្ដល់ជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។
   ជាមួយគ្នានេះ ក្នុងនាមសាសនិកឥស្លាមកម្ពុជា លោកបានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែនអតីត នាយករដ្ឋមន្ត្រី និងបន្តមក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅតែបន្តអនុញ្ញាតអោយប្រទេសកាន់សាសនិកឥស្លាម នៅទូទាំងពិភពលោក បានផ្ដល់នូវជំនួយដល់សហគមន៍ឥស្លាមនៅកម្ពុជា មិនមានការរារាំង រួមទាំងជួយសម្របសម្រួលបានយ៉ាងរលូន។
   លោក រ៉ូហ្វី អូស្មាន ក៏បានថ្លែងអំណរគុណដល់សប្បុរសជននានា ដែលបានចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យអប់រំ នៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ហើយលោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលធ្វើឲ្យប្រទេសកម្ពុជា រួចផុតពីសង្គ្រាមដ៏រ៉ៃ ដែលអូសបន្លាយរាប់ទសវត្សរ៍មកហើយសម្ដេច បានរិះរកគ្រប់មធ្យោបាយ ដើម្បីថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ដូច្នេះក្នុងនាមជាប្រជាពលរដ្ឋត្រូវដឹងគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងដឹងគុណដល់ស្ថាបនិកសន្តិភាព គឺសម្ដេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាជារៀងរហូត៕