2024-03-11 13:24
224

កំពង់ឆ្នាំង ៖ ឯកឧត្តម ឧកញ៉ា ទៀង ថៃ និង លោកជំទាវបណ្ឌិត វណ្ណ លុយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងជានាយិកាក្រុមហ៊ុនទឹកបរិសុទ្ធអេរ៉ូទិចនិងក្រុមគ្រួសារនារសៀលថ្ងៃសៅរ៍ទី៩ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញចុះសាកសួរសុខទុក្ខដល់កុមារកំព្រា ដែលកំពុងស្នាក់នៅរៀនសូត្រ នៅមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង ។  

មានប្រសាសន៍នាឱកាសនោះ លោកជំទាវបណ្ឌិត វណ្ណ លុយ  បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទកម្ពុជា ដែលជានិច្ចកាលសម្តេច និង លោកជំទាវ បណ្ឌិត តែងតែបានយកចិត្តទុកដាក់ និង គិតគូរចំពោះកុមារកំព្រា ដែលកំពុងស្នាក់នៅរៀនសូត្រ នៅគ្រប់ទីកន្លែង នឹងតែងតែបានជួយឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ផងដែរ ។   

លោកជំទាវបណ្ឌិត វណ្ណ លុយ បានមានប្រសាសន៍បន្តថាៈការរស់នៅជាកុមារកំព្រា ពិតជាបានឆ្លងកាត់នូវការលំបាកគ្រប់ឧបសគ្គ គ្រប់បែបយ៉ាង និង ពុំមានឪពុកម្តាយ បងប្អូន សម្រាប់មើលថែនោះទេ ។ ប៉ុន្តែឧបកសគ្គទាំងនេះ គឺជាមេរៀននិងបទពិសោធន៍មួយ សម្រាប់អោយ ចៅៗ ទាំងអស់ខិតខំតស៊ូព្យាយាមប្រឹងប្រែង ជំនះរាល់ការលំបាកទាំងនេះ ដើម្បីអនាគតខ្លួនឯងនាពេលខាងមុខ  ។

លោក ជំទាវបណ្ឌិត វណ្ណ លុយ បានបញ្ជាក់ទៀតថាៈ ចៅៗកុមារកំព្រា ដែលរស់នៅបែកពីឪពុកម្តាយ សាច់ញាតិបងប្អូន ចាប់ពីពេលនេះតទៅ ត្រូវតាំងចិត្តខិតខំតស៊ូរៀនសូត្រអោយក្លាយខ្លួនជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ ដើម្បីអនាគតខ្លួនឯង និង សង្គមជាតិ នាពេលខាងមុខ  ។ ការរស់នៅមណ្ឌលកុមារកំព្រា ជាកន្លែងដែលផ្តល់ការរស់នៅ និងផ្តល់អនាគត និង ដាក់នូវក្តីសង្ឃឹមថ្មីសម្រាប់អនាគតសម្រាប់ចៅៗនាពេលខាងមុខតទៅ ។

លោកជំទាវបណ្ឌិត វណ្ណ លុយ បានមានប្រសាសន៍បញ្ជាក់ទៀតថាៈ ក្រោមដំបូលនៃសុខសន្តិភាព និង ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនីតិកាលទី៧ នៃរដ្ឋសភា តែងតែបានគិតគូរផ្សារភ្ជាប់ សុខទុក្ខ ជានិច្ច ដោយលើកទឹកចិត្តឱ្យចៅៗ ខិតខំតស៊ូប្រឹងប្រែងរៀនសូត្រដើម្បីទទួលបានឱកាសការងារល្អៗសម្រាប់ខ្លួនឯង សង្គមជាតិ និង គ្រួសារ ។

នៅក្នុងឱកាសនោះ លោកឯកឧត្តមឧកញ៉ា ទៀង ថៃ និងលោកជំទាវ បណ្ឌិត វណ្ណ លុយ និងក្រុមគ្រួសារ បានរៀបចំ ភេសជ្ជៈ អាហារសម្រន់ពេលរសៀលចំនួន៣០ម៉ឺនរៀល និង ចែកជូនថវិកាមួយចំនួនដល់ កុមារកំព្រាចំនួន១៨នាក់ក្នុងម្នាក់ៗ១ម៉ឺនរៀល និង អ្នកគ្រូជាអ្នកមើលថែក្នុងមណ្ឌលចំនួន៤នាក់ម្នាក់ៗ៤ម៉ឺនរៀល និង បានផ្តល់ថវិកាចំនួន៦០ម៉ឺនរៀលសម្រាប់រៀបចំអាហារថ្ងៃត្រង់មួយពេលដល់កុមារកំព្រាផងដែរដើម្បីអបអរសាទរទិវានារីអន្តរជាតិ៨មីនាផងដែរ   ។