ភ្នំពេញ៖ អ្នកដំណើរសញ្ញាតិតៃវ៉ាន់ម្នាក់ ត្រូវកម្លាំងនគរបាលនាយកដ្ឋានអន្តោប្រវេសន៍ និងមន្ត្រីគយ និងរដ្ឋាករប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចាប់ខ្លួនពាក់ព័ន្ធករណីរត់ពន្ធគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់ ចំនូន ៣៥ដុំ។
ប្រតិបត្តិការខាងលើធ្វើឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅស្ថានីយអ្នកដំណើរចេញ នៃការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន មន្រ្តីនគរបាលអន្តោប្រវេសន៍ នៅប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចូលរួមសហការជាមួយមន្ត្រីគយ និងរដ្ឋាករ នៃការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននគរបាលអន្តោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធដែលប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានធ្វើការត្រួតពិនិត្យលើអ្នកដំណើរម្នាក់ ឈ្មោះ HUANG TENG YAO ភេទប្រុស អាយុ ២៦ឆ្នាំ សញ្ជាតិចិនតៃវ៉ាន់ ធ្វើដំណើរតាមជើងយន្តហោះ (ភ្នំពេញ-ហូជីមីញ រួចបន្តដំណើរពី ហូជីមីញ-តូក្យូ) ។
មន្ត្រីគយ និងរដ្ឋាករ នៃការិយាល័យត្រួតពិនិត្យតយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានសហការជាសមត្ថកិច្ចចម្រុះចូលរួម ដើម្បីត្រួតពិនិត្យជាក់ស្តែង និងបានផ្អាកដំណើរជនសង្ស័យ ដើម្បីបន្តកសាងកំណត់ហេតុបន្តនីតិវិធីច្បាប់។
ក្រោយការត្រួតពិនិត្យជាក់ស្តែងលើដងខ្លួនរបស់ជនសង្ស័យរូបនេះ ឃើញមានម្សៅក្រាម ពណ៌សច្រកក្នុងថង់រុំបង់ពណ៌ស ដែលសង្ស័យជាសារធាតុញៀន ចំនួន ៣៥ដុំ (សាមសិបប្រាំដុំ) មន្ត្រីជំនាញបានធ្វើតេស្តម្សៅក្រាមពណ៌សខាងលើដោយបើម៉ាស៊ីនស្កែន TruNarc ជាលទ្ធផលមានតម្រុយជាសារធាតុញៀន ប្រភេទ មេតំហ្វេតាមីន (METHAMPHETAMINE) ដែលស្ថិតនៅក្នុងតារាង II នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជនបរទេសខាងលើត្រូវបានឃាត់ខ្លួនដើម្បីអនុវត្តតាមនីតិវិធី។
បច្ចប្បន្នជនសង្ស័យសមត្ថកិច្ចជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធ៕