2024-03-12 17:10
210

កំពង់ស្ពឺ៖   ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានស្នើសុំដល់អាជ្ញាធរ ក៏ដូចជាលោកប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺមេត្តាជួយពិនិត្យមើលក្រុមហ៊ុនចិនមួយបាននិងកំពុងធ្វើរបងចូលក្នុងអូរផ្នែកខាងលើនៃសណ្តស្ទឹងព្រែកត្នោត ត្រង់ចំណុចអូរធម្មជាតិខាងលិចភូមិសំបួរ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់មានការព្រួយបារម្ភ យ៉ាងខ្លាំងខណៈនៅរដូវវស្សាខាងមុខនេះដីស្រែចម្ការរបស់ពួកគាត់ប្រាកដជាលិចលង់ដោយសារជំនន់ទឹកភ្លៀងជាក់ជាមិនខាននោះឡើយ ប្រសិនបើជាអាជ្ញាធរឬមន្រ្តីជំនាញពាក់ព័ន្ធមិនមានវិធានការ  ទប់ស្កាត់ទេនោះ។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា ក្រុមហ៊ុនចិនបានធ្វើរបងចូលតាមបណ្តោយអូរនិងចំណីអូររាប់រយម៉ែត្រ ដូច្នេះសូមលោកញ៉ាញ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ ជួយចាត់មន្ត្រីជំនាញចុះទៅពិនិត្យមើលផងព្រោះក្រុមហ៊ុនចិនខាងលើនេះបាននិងកំពុងធ្វើសកម្មភាព សម្រុកដឹកអាចម៍ដី យកទៅចាក់ជិតដល់របងដែលធ្វើតាមបណ្តោយអូរ សណ្តរស្ទឹងព្រែកត្នោតនោះហើយ។

ជុំវិញកង្វល់របស់ប្រជាពលរដ្ឋខាងលើនេះនៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២៤ លោកញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកំពង់ស្ពឺបានប្រាប់តាម ទូរស័ព្ទថា ចាំលោកឲ្យមន្រ្តីជំនាញចុះទៅពិនិត្យមើល ហើយប្រសិនបើដូចបងប្អូនប្រជាជលរដ្ឋយើងលើកឡើងមែន មន្រ្តីជំនាញនិងមានវិធានការតាមផ្លូវច្បាប់ ។