2024-03-12 17:13
268

រតនគិរី ៖   ពិធីបិទកិច្ចប្រជុំខាងលើប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នៅទីបញ្ជាការតបន់ប្រតិបត្តិការសឹក រងរតនគិរី ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ បញ្ជាការរង យោធភូមិភាគទី១ និងឯកឧត្តម ឌុច ចាន់តូ អភិបាលរងខេត្ត  តំណាងឯកឧត្តមញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ស្វាគមន៍របស់ លោកមុយ សុផាត មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងរតនគិរីរួចមកឯកឧត្តម ឌុច ចាន់តូ បានធ្វើការកោតសរសើរដល់កម្លាំង តំបន់ប្រតិបត្តិការសឹករងរតនគិរី ដែលកន្លងមកបានប្រឹងប្រែងសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើដាក់ជូន ។ឯកឧត្តម អភិបាលរងខេត្តបានចាត់ទុកកងទ័ពគឺជាកម្លាំងមិនអាចខ្វះបានព្រោះថាកងទ័ពគឺជាខឿនការពារជាតិនិងដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាពជូនប្រទេសជាតិ។ក្នុងនោះផងដែរ ឯកឧត្តម ឌុច ចាន់តូបានជម្រាបជូននាយទាហាន នាយទាហានរង និងពលទាហានថា ក្រោមការដឹកនាំរបស់រសម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នីតិកាលទី៧នៃរដ្ឋសភាដោយសម្តេចធិបតីបានចេញបទបញ្ជាលេខ០១ស្ដីពីវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួងស្ថាប័ននិង រដ្ឋបាលថ្នាក់ជាតិថ្នាក់ក្រោមជាតិ ទាំងក្នុងជួរកងទ័ព ដាច់ខាតគ្រប់ក្រសួងស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីយោធា ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតនៅក្រោមឱវាទរបស់ខ្លួន លើការគ្រប់គ្រងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌរដ្ឋដោយគ្មានការលើកលែង។

ក្នុងនាមឯកឧត្តមអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ឯកឧត្តម ឌុច ចាន់តូ បានស្នើអោយនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងតំបន់ប្រតិបត្តិការសឹករងរតនគិរីទាំងអស់សូម យកចិត្តទុកដាក់ថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រទេសជាតិ,សាមគ្គីភាពផ្ទៃក្នុងនិងគោរពវិន័យ,ចូលរួមសហការគ្នាជាមួយកងកម្លាំងនគរបាល កងរាជអាវុធហត្ថដើម្បីការពារគ្រប់កម្មវិធីរបស់ថ្នាក់នាំ,ត្រូវដើរល្បាត និងការពារតាមខ្សែបន្ទាត់ព្រំដែនជាប់ជាប្រចាំ  ព្រមទាំងរាយការណ៍រាល់បញ្ហាដែលកើតមានឡើងជូនថ្នាក់ដឹកនាំឲ្យបានទាន់ពេលវេលា។

មានប្រសាសន៍បិទកិច្ចប្រជុំនាឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ បានលើកឡើងថា លទ្ធផលដែលអង្គភាពទទួលបាន គឺពិតជាការរួមចំណែកពីនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅក្នុងតំបន់ប្រតិបត្តិការសឹករងរតនគិរីទាំងមូល ដែលបានចូលរួមគិត ចូលរួមធ្វើ  និងទទួលខុសត្រូវខ្ពស់ ដោយឈរលើផែនការការងារ របស់យោធភូមិភាគទី១ ធ្វើឱ្យទីបញ្ជាការ ធានាបានគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន ជាពិសេសលើការងារហ្វឹកហ្វឺន ប្រមូលផ្តុំគ្រប់គ្រងកម្លាំង ជំរុញការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ធានាជីវភាពកងទ័ព ហើយបានបញ្ជូនកម្លាំងចុះប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋ រងគ្រោះដោយធម្មជាតិ គ្រោះទឹកជំនន់ ខ្យល់កន្រ្តាក់ ជួយកសាង ជួសជុលលំនៅឋាន និង បានបន្តដាក់បទបញ្ជា លើការងារកសាងពង្រឹងប្រៀបការពារជាតិ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ បានផ្តាំផ្ញើ ដល់គ្រប់អង្គភាពចំណុះតំបន់ប្រតិបត្តិការសឹករងរតនគិរី  ត្រូវពង្រឹងការងារហ្វឹកហ្វឺន ការងារអប់រំចិត្តសាស្រ្ត និងការងារបច្ចេកទេស ការគ្រប់គ្រងអាវុធ គ្រឿងចក្រ ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ ម្ចាស់ការត្រួតពិនិត្យ និងតាមដានឱ្យបានជាប់ជាប្រចាំ ដើម្បីធានាការពារឱ្យបាននូវបូរណភាពដឹកដី និងទប់ស្កាត់ឱ្យបាននូវរាល់បទល្មើសផ្សេងៗ ។

ជាចុងក្រោយ ឯកឧត្តម គណៈអធិបតី បានជូនប័ណ្ណសរសើរអង្គភាព លិខិតសរសើរបុគ្គលដែលមានស្នាដៃល្អឆ្នើម និង បានប្រគល់ថវិកា ចំនួន ២.០០០.០០០រៀលនិងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងរតនគិរី។ដោយឡែកឯកឧត្តម ឌុច ចាន់តូ ក៏បានឧបត្ថម ថវិកា១០០ដុល្លារជូនតំបន់ប្រតិបត្តិការសឹករងរតនគិរីផងដែរ៕