(កំពត)៖ នាថ្ងៃទី ១៣ ខែមិនា ឆ្នាំ២០២៤នេះមន្ត្រីជំនាញ និងអាជ្ញាធរខេត្តកំពតនៅតែបន្តខិតខំផ្សព្វផ្សាយបំផុស ចលនាសម្អាតទីក្រុងបន្ថែមទៀត ដើម្បីឈានទៅទទួលពានរង្វាន់ថ្នាក់ជាតិ និងថ្នាក់តំបន់នៅពេលខាងមុខ និងបានអំពាវនាវដល់ គ្រប់ភាគីពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់ ថែរក្សាកិត្តិយស ក្នុងនាមជាខេត្តទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាត អាស៊ាន។
នៅថ្ងៃទី ១៣ ខែមីនាមន្ទីរទេសចរណ៍ខេត្តកំពត បានរៀបចំទិវាជាតិទីក្រុងស្អាត លើកទី ១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទីក្រុងស្អាតដើម្បីទេសចរណ៍” នៅបរិវេណសួនច្បាររូបសំណាក់ព្រះបាទអង្គដូង ក្រុងកំពត។
កម្មវិធីប្រារពធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម នៃ គង់ អភិបាលរងខេត្ត និងមានការចូលរួមពីមន្ត្រីមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ប្រជាពលរដ្ឋ អាជីវករ សេវករ បុគ្គលិកក្រុមហ៊ុនប្រមូលសំរាម និងយុវជន សិស្សានុសិស្សជាច្រើនរយនាក់
លោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឲ្យឡើងថា កម្មវិធីនេះមានគោលបំណង បង្ហាញពីការបញ្ជាបការយល់ដឹង និងការសម្អាតទីក្រុង ក្រោមពាក្យស្លោក ប្រជាពលរដ្ឋជាគំរូដែលចូលរួមគិតគូរពីបរិស្ថាន និងសោភណ្ឌភាពក្រុង ពលរដ្ឋគំរូចូលរួមគ្រប់គ្រងសំណល់ ឱ្យបានត្រឹមត្រូវដើម្បីទីក្រុងស្អាត ការបញ្ជាបការយល់ដឹង និងការសម្អាតទីក្រុង គឺជាកាតព្វកិច្ចយើងទាំងអស់គ្នា, ទីក្រុងស្អាត ជាផលិតផលទេសចរណ៍បៃតង នៃទីក្រុងស្អាត ជាទីក្រុងប្រកបដោយភាពវៃឆ្លាត, ទីក្រុងស្អាត នាំមកនូវកំណើនទេសចរណ៍ ស្របនឹងប្រធានបទ ទីក្រុងស្អាតដើម្បីទេសចរណ៍។
លោកបានអំពាវឲ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមរក្សាកិត្តិយសកេរ្តិ៍ឈ្មោះ ម្ចាស់ពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន។
ឯកឧត្តម នៃ គង់ អភិបាលរងខេត្ត កំពតបានអានសាលិខិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីអប់អរសាទរ ទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ និងបានស្នើដល់គ្រប់ភាគីពាក់ព័ន្ធចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សម្អាតអនាម័យបរិស្ថាន ចូលរួមទុកដាក់សំរាម និងកាសសំណល់ឲ្យបានត្រឹមត្រូវ ចំពោះអាជីវករ និងអ្នកផ្តល់សេវាទេសចរណ៍ ត្រូវរក្សាភាពថ្លៃថ្នូ ផ្តល់ជូនសេវាកម្មល្អ តម្លៃសមរម្យ ដើម្បីឲ្យទេសចររីករាយ ក្នុងការមកសម្រាកកម្សាន្តនៅខេត្តកំពតកាន់តែច្រើន។
ក្រៅពីទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន សហគមន៍ទេសចរណ៍ត្រពាំងសង្កែខេតកតកំពត ក៏ទទួលបានជ័យលាភី និងពានរង្វាន់ចំនួន ២លើការអនុវត្តស្តង់ដារ ទេសចរណ៍អាស៊ាន ឆ្នាំ២០២៣ រួមមាន ១ ស្ដង់ដារសហគមន៍ទេសចរណ៍អាស៊ាន ២ ស្ដង់ដារផ្ទះស្នាក់សហ គមន៍ទេសចរណ៍អាស៊ានផងដែរ។(សឹង រ៉ាត់)