2024-03-14 10:59
248

សៀមរាប៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនជនត្រូវចោទលោកស្រីឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក ចំនូន ០២នាក់ទៀត ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពាក់ព័ន្ធករណីឆបោកលុយប្រជាពលរដ្ឋរាប់លានដុល្លារ តាមរយៈការទិញ-លក់ផ្ទះ និងដី ព្រមទាំងដាក់ប្រាក់វិនិយោគដោយទទួលបានការប្រាក់ខ្ពស់ ជាក្រុមមានការចាត់តាំង។ 

ការឃុំខ្លួនបុគ្គលមានគោរមងារជា «ឧកញ៉ា» រកស៊ីបោកប្រាស់ប្រជាពលរដ្ឋខាងលើ ធ្វើឡើងនៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះ។ 
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានឲ្យដឹងថា៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សាលាដំបូងខេត្តសៀមរាប បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌ ដែលមានជនត្រូវចោទឈ្មោះ ឡេង ចាន់ណា ភេទស្រី អាយុ ៣៦ឆ្នាំ , ឈ្មោះ ផុន សាមាន ភេទប្រុស អាយុ ៣១ឆ្នាំ និងឈ្មោះ ចាន់ ឃីន ភេទប្រុស អាយុ ៣០ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ៖ «ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង)» តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុច៥ នៃក្រមព្រហ្មទណ្ឌ, បទ៖ «សម្អាតប្រាក់» តាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងបទ៖ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។ 

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា៖ ករណីសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងជនត្រូវចោទឈ្មោះ ឡេង ចាន់ណា អគ្គនាយិកា ក្រុមហ៊ុន ប៊្រីលាន ស៊ីធី វើលដ៍ ឯ.ក  មានជនត្រូវចោទ ចំនួន ០៣នាក់ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទល្មើសឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង), បទល្មើសសម្អាតប្រាក់ និងបទល្មើសមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។ 

សូមជម្រាបថា ជនជាប់ចោទឈ្មោះ ឡេង ចាន់ណា អគ្គនាយកក្រុមហ៊ុន ប៊្រីលាន សីធី និងអគ្គនាយករង ០២នាក់ទៀត ត្រូវបានកម្លាំងមានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចាប់ខ្លួនកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ពាក់ព័ន្ធករណីឆបោកប្រាក់ប្រជាពលរដ្ឋរាប់ពាន់នាក់ ដែលមានទំហំទឹកប្រាក់រាប់លានដុល្លារ បានបញ្ជូនទៅតំណាងអយ្យការអមសាលាដំបូងខេត្តបន្តនិតិវិធីដោយចោទប្រកាន់ចំនួន០៣បទល្មើស រួចបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរចាត់ការបន្ត រហូតសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទទាំង០៣នាក់តែម្តង។ 

បច្ចុប្បន្នជនត្រូវចោទទាំង០៣នាក់ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តសៀមរាប និងបន្តតាមចាប់ខ្លួនអ្នកពាក់ព័ន្ធក្នុងសំណុំរឿងបន្ថែមទៀត៕