2024-03-15 13:40
216

ភ្នំពេញ៖ ក្រោយពីអង្គភាពសារព័ត៌មាន msj tv ចុះផ្សាយភាពអត្ថបទមួយមានចំណងជើងថា «សកម្មភាពក្រុមអនាធិបតេយ្យឈូសឆាយ និងរំលោភបំពានលើដីទំនាស់ ជាមួយក្រុមហ៊ុន អេហ្គ្រីខលឈីរ ហ្គ្រីនហ្គោល អាជ្ញាធរស្រុកគាស់ក្រឡ គ្មានវិធានការទប់ស្កាត់តាមការណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង និង ស.ជ.ណ. ក្រសួងមហាផ្ទៃ» កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ រដ្ឋបាលស្រុកគាស់ក្រឡ បានធ្វើការឆ្លើយតប និងចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណីទំនាស់ដីធ្លីនេះ ដូចសេចក្តីបំភ្លឺថា៖
ថ្មីៗនេះមានការចុះផ្សាយមិនពិតនៅលើបណ្តាញសង្គមគេហទំព័រហ្វេសប៊ុក (Facebook Page) ឈ្មោះ MSJ TV ដោយបានចោទថា សកម្មភាពក្រុមអនាធិបតេយ្យឈូសឆាយ និងរំលោភបំពានលើដីទំនាស់ជាមួយក្រុមហ៊ុន អេហ្គ្រីខលឈរ ហ្គ្រីនហៀល អាជ្ញាធរស្រុកគាស់ក្រឡ គ្មានវិធានការទប់ស្កាត់តាមការណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង និងស.ជ.ណ. ក្រសួងមហាផ្ទៃ។ ករណីនេះរដ្ឋបាលស្រុកគាស់ក្រឡ សូមធ្វើការបំភ្លឺជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន មេត្តាជ្រាបដូចខាងក្រោម៖

ចំពោះករណីវិវាទដីធ្លីរវាងក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល (Agriculture Green Field Co., Ltd.) ជាមួយប្រជាពលរដ្ឋចំនួន ៣៤០គ្រួសារ និងអង្គភាពស៊ីម៉ាក់ ព្រមទាំងគ្រួសារកងទ័ព ដែលមានទីតាំងស្ថិតនៅភូមិព្រៃទទឹង ឃុំភ្នាល់មាន់ និងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ រដ្ឋបាលស្រុក រដ្ឋបាលឃុំ និងរដ្ឋបាលខេត្ត បាត់ដំបង បានខិតខំព្យាយាមសម្រុះសម្រួល ដោះស្រាយជាច្រើនលើក ច្រើនសារមកហើយគិតចាប់តាំងពីឆ្នាំ២០២០មក ប៉ុន្តែពុំឈានដល់ការស្រះស្រួលគ្នាឡើយ ម្យ៉ាងវិញទៀតដីទំនាស់នេះ គឺជាដីដែលស្ថិតនៅក្នុងប្រភេទដីគម្របព្រៃឈើ ឆ្នាំ២០០២ របស់រដ្ឋទៀតផង។ ក្នុងន័យនេះរដ្ឋបាលខេត្តបាត់ដំបង ក៏បានសម្រេចបញ្ឈប់ការទទួលយកសំណុំរឿង របស់ក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល មកបន្តដោះស្រាយទៀត ។

កន្លងមករដ្ឋបាលស្រុក បានចេញសេចក្តីជូនដំណឹងឱ្យភាគីទំនាស់អាចអាស្រ័យផលនៅលើទីតាំងដីដែលធ្លាប់ អាស្រ័យផលកន្លងមក ប៉ុន្តែមិនត្រូវសាងសង់ផ្ទះ រោង ឬខ្ទម និងឈូសឆាយពង្រីកបន្ថែមលើផ្ទៃដីទំនាស់ឡើយ ដោយ រងចាំការដោះស្រាយបន្តដើម្បីបញ្ចប់ទំនាស់ ។

ក្រោយពីមានចុះផ្សាយលើបណ្តាញសង្គមគេហទំព័រហ្វេសប៊ុក (Facebook Page) ឈ្មោះ MSJ TV រដ្ឋបាលខេត្ត បាត់ដំបង ដឹកនាំដោយឯកឧត្តម ឃឹម សៀប អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង និងមានការចូលរួមពី រដ្ឋបាលស្រុកគាស់ក្រឡ រដ្ឋបាលឃុំដូនបា បានចុះពិនិត្យជាក់ស្តែងលើទីតាំងដីទំនាស់ស្ថិតនៅភូមិគោករកា ឃុំជូនបា ស្រុកគាស់ក្រឡ ឃើញថាប្រជាពលរដ្ឋពុំបានធ្វើការឈូសឆាយរំលោភ បំពាន ពង្រីកផ្ទៃដីថ្មី និងសាងសង់សំណង់ថ្មី នៅលើទីតាំងដីកំពុងមានវិវាទ ខុសពីផ្ទៃដីដែលពួកគាត់ធ្លាប់បានធ្វើការអាស្រ័យផលកន្លងមកនោះឡើយ ហើយអាជ្ញាធរ មូលដ្ឋាន ក៏ពុំមានការចុះហត្ថលេខានានា ក្រោយពីរដ្ឋបាលខេត្តបាត់ដំបង ចេញសេចក្តីជូនដំណឹង ដូចអ្វីដែលសារពត៌មាន ធ្វើការចុះផ្សាយចោទប្រកាន់មកអាជ្ញាធរនោះទេ ។សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន អេហ្គ្រីខលឈរ ហ្គ្រីនហ្គោល បានចាត់ឱ្យ មេធាវី និងអ្នកបណ្តាញសារព័ត៌មានឈ្មោះ MSJ TV ឈរជាតំណាងក្នុងការសម្របសម្រួលដោះស្រាយកន្លងមក ចំពោះករណីនេះទោះជារដ្ឋបាលឃុំ រដ្ឋបាលស្រុក និងរដ្ឋបាលខេត្តធ្វើការសម្របសម្រួលដោះស្រាយជាច្រើនលើក ច្រើនសារយ៉ាងណាក៏ដោយ ក៏ភាគីទំនាស់ពុំមានការស្រុះស្រួលគ្នាឡើយ ហើយតំណាងក្រុមហ៊ុនថែមទាំងធ្វើការ ចុះផ្សាយព័ត៌មានតាមបណ្តាញសង្គម បង្កាច់ បង្អួច វាយប្រហារមកលើអាជ្ញាធរ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស រដ្ឋបាលឃុំ រដ្ឋបាលស្រុក និងរដ្ឋបាលខេត្តបាត់ដំបង់ទៀតផង ។

រដ្ឋបាលស្រុកគាស់ក្រឡ សូមធ្វើការបដិសេធទាំងស្រុង នូវអ្វីដែលចុះផ្សាយមិនពិត នៅលើបណ្តាញសង្គមគេហទំព័រហ្វេសប៊ុក (Facebook Page) ឈ្មោះ MSJ TV និងសូមឱ្យម្ចាស់គេហទំព័រហ្វេសប៊ុក (Facebook Page) ឈ្មោះMSJ TV ធ្វើការកែតម្រូវវិញជាបន្ទាន់ ប្រកបដោយក្រមសិលធម៌ វិជ្ជាជីវៈជាអ្នកសារព័ត៌មាន ជៀសវាងមានការយល់ច្រឡំពីបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសាធារណៈជន ។

អាស្រ័យដូចបានបំភ្លឺជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន មេត្តាជ្រាប ។