ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី ដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារDសាលាខេត្ត រសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានធ្វើការណែនាំអោយលោកប្រធានមន្ទីរសុខាភិបាលខេត្តដែលចូលកាន់មុខតំណែងថ្មីរួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃវិស័យសុខាភិបាល ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជាអាទិភាពចំនួន៧ចំណុចរួមមាន៖
១.ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ ទំនងការងារឱ្យបានល្អនៅក្នុងអង្គភាពរបស់ខ្លួនដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាព និង ធានានិរន្តភាពការងាររបស់ខ្លួនឱ្យកាន់តែមានភាពល្អប្រសើរ ។
២.ត្រូវចូលរួមលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ មានប្រសិទ្ធភាព និងមិនរើសអើង ដើម្បីឆ្លើយតបតាមតម្រូវការរបស់មូលដ្ឋាន។
៣.ត្រូវយកចិត្តទុកដាក់រៀបចំគ្រូពេទ្យវេជ្ជៈបណ្ឌិតប្រចាំការជាប់គ្រប់វេនយាមពេលថ្ងៃ និងពេលយប់, ត្រូវប្រើប្រាស់មន្ត្រីឱ្យស្របតាមជំនាញវិជ្ជាជីវៈរបស់មន្ត្រីម្នាក់ៗ, ត្រូវមានអាកប្បកិរិយា សីលធម៌ប្រើពាក្យសំដី ទន់ភ្លន់គួរសម អត់ធ្មត់ជាមួយអ្នកជំងឺ, ត្រូវគោរពវិន័យម៉ោងបំរើការងារ និងត្រូវយកចិត្តទុកដាក់ពិនិត្យរាល់ការផ្ទេរផ្លាស់ប្តូរកន្លែងបំរើការងាររបស់មន្ត្រីកុំឱ្យខ្វះមន្ត្រីផ្តល់សេវា។
៤.ត្រូវការពារផលប្រយោជន៍មន្ត្រីរាជការស៊ីវិល ដោយផ្អែកលើច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ឬលិខិតបទដ្ឋានគតិយុត្តជាធរមាន។
៥-ត្រូវសហការជាមួយមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរគ្រប់ ជាន់ថ្នាក់ឲ្យបានល្អប្រសើរ។
៦-ត្រូវមានគំនិតផ្តួចផ្តើម សិក្សាស្រាវជ្រាវ ស្វែងយល់បន្ថែមពាក់ព័ន្ធនឹងច្បាប់ និងលិខិតបទដ្ឋានបន្ថែមទៀត។
៧-ត្រូវយកចិត្តទុកដាក់ក្នុងការកែលំអរសោភ័ណភាព អនាម័យ បរិស្ថានក្នុង និងក្រៅបរិវេណមន្ទីរ។
លោក ជា សានិត ប្រធានមន្ទីរសុខាភិបាលខេត្តដែលទើបប្រកាសចូលកាន់តំណែងថ្មី បានប្តេជ្ញាគោរពប្រតិបត្តិឲ្យបានម៉ឺងម៉ាត់នូវច្បាប់ រដ្ឋធម្មនុញ្ញ លិខិតបទដ្ឋានគតិ យុត្តិនានាចូលជាធរមាន ជាពិសេសចូលរួមអនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១នីតិកាលទី៧របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅទៅលើការ ធានាគុណភាព ប្រសិទ្ធភាពក្នុងការផ្តល់សេវាសុខភាពសាធារណៈជូនប្រជាពលរដ្ឋ ជា ពិសេសបន្តអភិវឌ្ឍវិស័យសុខាភិបាលក្នុងខេត្តរតនគិរី ឲ្យស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ប្តេជ្ញាគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលការណែនាំ របស់ថ្នាក់ដឹកនាំរដ្ឋ បាលខេត្ត និងក្រសួងសុខាភិបាល ដោយប្រកាន់ភ្ជាប់នូវ ឆន្ទះម្ចាស់ការ មនសិការវិជ្ជាជីវៈ ភក្តីភាព និងវប្បធម៌សេវាសាធារណៈ ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល “ទុក្ខលំបាករបស់អ្នកជំងឺក៏ជា ទុក្ខលំបាករបស់គ្រូពេទ្យ” ។ ជាមួយនឹងបង្កើនស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារថែ រក្សាឲ្យបានគង់វង្សនូវសមិទ្ធិផលនានាដែលបានកសាងមក និងបន្តអភិវឌ្ឍមូលដ្ឋានសេវា សុខាភិបាលឲ្យកាន់ តែល្អប្រសើរ ។
សូមបញ្ជាក់ថា យោងតាមដីការបស់រដ្ឋបាលខេត្តរតនគិរី លេខ០០១/២៤ ដក.តត ស្តីពីការតែងតាំងមន្រ្តីរាជការសម្រេចតែងតាំងលោក ជា សានិត ជាប្រធានមន្ទីរសុខា
ភិបាលនៃរដ្ឋបាលខេត្តរតនគិរី ជំនួសលោក អ៊ុង រតនា ដែលត្រូវបានបញ្ចប់មុខតំណែង និងទទួលភារកិច្ចថ្មី៕