2024-03-17 16:59
273

(កណ្តាល)៖ទីបំផុតចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចឃុំខ្លួនបុរសម្នាក់ឈ្មោះ សោម ពិសិដ្ឋ ហៅ ជាង រិទ្ធី ដាក់ពន្ធនាគារពាក់ព័ន្ធករណីផលិតឧបករណ៍ឆក់ហើយយកទៅបង្ហោះលក់តាមបណ្តាញសង្គម តឹកតុក។ 
   នេះបើតាមលោក ខាន ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុកឲ្យដឹងនៅព្រឹកថ្ងៃទី១៦ខែមីនាឆ្នាំ២០២៤ ជាមួយគ្នានោះដែរអ្នកនាំពាក្យរូបនេះបានបញ្ជាក់ទៀតថា បុគ្គលរូបនេះត្រូវបានចោទប្រកាន់បទល្មើស៖ ផលិត, លក់, ដឹកជញ្ជូន និងរក្សាទុកឧបករណ៍ឆក់ (ខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល) តាមមាត្រា (១០០ចំណុចទី៤ នៃច្បាប់ស្ដីពីជលផល)។ 
   លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាលបានថ្លែងថា ជនសង្ស័យដែលផលិត ឧបករណ៍ឆក់ត្រីខុសច្បាប់ លក់ចែកចាយតាមបណ្តាញសង្គម ស្ទើរតែគ្រប់ខេត្តទូទាំងប្រទេសខាងលើនេះត្រូវបានកម្លាំងយើងសហការជាមួយអធិការដ្ឋានចតុមុខ ក្រោមកិច្ចសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាលឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ស្ថិតនៅភូមិដំរីឆ្លងឃុំស្អាងភ្នំស្រុកស្អាងខេត្តកណ្តាល  
នាយខណ្ឌរដ្ឋបាលជលផល បានបញ្ជាក់ថា ជនសង្ស័យរូបនេះ បានធ្វើការផលិត ចែកចាយ និងលក់ឧបករណ៍ឆក់ត្រីខុសច្បាប់នេះ តាំងពីអំឡុងចុងឆ្នាំ២០២៣មកម្ល៉េះ ដោយធ្វើការបង្ហោះលក់តាមបណ្តេញសង្គម TikTok ថែមទៀតផង ហើយធ្វើការចែកចាយស្ទើរគ្រប់ខេត្តទូទាំងផ្ទៃប្រទេស ដែលគិតត្រឹមខែមីនា២០២៤នេះ គេបានផលិត និងលក់ចែកចាយអស់១៤៧គ្រឿងទៅហើយ។

   ជាមួយគ្នានោះ«កម្លាំងយើងបានធ្វើការតាមដានរូបគេជាយូរខែមកហើយ ទើបតែកាលពីព្រឹកថ្ងៃទី១៤ ខែមីនា តាមឃាត់រូបគេបានខណៈកំពុងផ្ញើអីវ៉ាន់ឲ្យម៉ូយ និងបាននាំរូបគេយកទៅបង្ហាញទីតាំងផលិតនៅក្នុងលំនៅដ្ឋានរបស់គេ ឯភូមិ-ឃុំ កើតហេតុខាងលើ ក្នុងនោះក៏បានដកហូតម៉ូតូ១គ្រឿង ទូរស័ព្ទ១គ្រឿង ព្រមទាំងឧបករណ៍ឆក់ត្រី រួមជាមួយគ្រឿងដង្គុំសម្រាប់ផលិតជាច្រើនទៀតផងដែរ។ 
   លោក ហេង សុភារិទ្ធ បានសង្កត់ធ្ងន់ថា បទល្មើសឆក់ត្រី គឺជាបទល្មើសស្ថិតនៅថ្នាក់លេខ១ ដែលវាធ្វើឱ្យវិនាសហិនហោច និងប៉ះពាល់ដល់ធនធានមច្ឆាជិតខ្លាំងណាស់ ព្រោះមិនថាត្រីតូច-ត្រីធំនោះទេ គឺងាប់ទាំងអស់ ហើយបើនៅរស់ក៏ខូចសរីរាង្គ មិនធំធាត់ និងបន្តពូជបានទៀតដែរ។ 
   ទន្ទឹមនិងនោះលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជានេសាទ សូមបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងសូមរួសរាន់ប្រមូល នាំយកទៅប្រគល់ឱ្យអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីជលផល ដើម្បីបញ្ចៀសនូវទោសទណ្ឌ ដោយទុករយៈពេលមួយសប្ដាហ៍ហើយរួមគ្នាងាកមកថែរក្សា អភិរក្សមេពូជត្រី និងព្រៃលិចទឹកជាជម្រកត្រីពងកូន ដើម្បីបង្កើននូវភោគផលជលផលធម្មជាតិរបស់យើងឡើងវិញប្រកបដោយចិរភាព។ ដោយឡែកសម្រាប់ជនដែលលួចទិញឧបករណ៍ឆក់ត្រីទាំងនេះ ត្រូវសមត្ថកិច្ចជំនាញ មានទាំងឈ្មោះ និងលេខទូរសព្ទ័ អាសយដ្ឋានអស់ហើយតាមរយៈវិក័យបត្រ ដូច្នេះសូមប្រគល់ឧបករណ៍ទាំងនោះឱ្យ សមត្ថកិច្ចតាមមូលដ្ឋានរបស់ខ្លួន មុនពេលយើងអនុវត្តន៍ច្បាប់។