2024-03-17 18:10
252

(ព្រះសីហនុ)៖ លោកបណ្ឌិត អេង ចំរើន ប្រធានក្រុមការងារសមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ តំណាងលោកបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវក្រុម៨ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ សហការជាមួយលោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ និងជាប្រធានកិត្តិយស ក្រុមការងារសមាគមយុវជនក្រុម៨ ស្រុកចុះជួបសំណេះសំណាល ព្រមទាំងយកអំណោយជាគ្រឿងបរិភោគឧបត្ថម្ភដល់បងប្អូនសាសនិកខ្មែរឥស្លាម ដែលរស់នៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំនួន ៥០គ្រួសារ សម្រាប់ទ្រទ្រង់សកម្មភាពប្រចាំថ្ងៃក្នុងខែរ៉ាម៉ាឌន។
ក្នុងឱកាសនោះបណ្ឌិត បានសម្តែងនូវមនោសញ្ចេតនារីករាយរាក់ទាក់ជាមួយប្រជាពលរដ្ឋ និងមន្ត្រីរាជការសាសនិកខ្មែរឥស្លាមទាំងអស់ ក្នុងការប្រារព្ធពិធីបុណ្យរ៉ាម៉ាឌន ដែលប្រព្រឹត្តទៅក្នុងរយៈពេល១ខែ គឺផ្តើមពីថ្ងៃអង្គារ ទី១ ខែរ៉ាម៉ាឌន ឆ្នាំ១៤៤៥ នៃមូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។
បណ្ឌិត អេង ចំរើន ក៏បានជូនពរជ័យ សិរីសួស្តី សុភមង្គល វិបុលសុខ ដល់បងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការសាសនិកខ្មែរឥស្លាមកម្ពុជា ទាំងក្នុង និងក្រៅប្រទេស ព្រមទាំងឥស្លាមនៅលើសាកលលោក និងសូមទទួលបាននូវសេចក្តីសុខចម្រើន និងជោគជ័យក្នុងការបំពេញកាតព្វកិច្ចប្រតិបត្តិក្នុងពិធីបុណ្យនេះផងដែរ។

លោក អ៉ី ធារិន បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអគ្គមគ្គុទ្ទេសក៍ឯក និងបិតាសន្តិភាពរបស់កម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ប្រជាពលរដ្ឋទូទាំងប្រទេសមានការរស់នៅបានកាន់តែល្អប្រសើរ មានសុខសុវត្ថិភាព ទទួលបានការអប់រំ ទទួលបានការគាំពារជាច្រើនពីរាជរដ្ឋាភិបាល និងមានសិទ្ធិសេរីភាពពេញលេញក្នុងការបដិបត្តិជំនឿសាសនារបស់ខ្លួន។
ជាក់ស្ដែង បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបន្តវេនពីរាជរដ្ឋាភិបាលចាស់ បានសកម្មភាពជាច្រើន ជាក់ស្តែងនៅថ្ងៃនេះបានបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសមានការរស់នៅចុះសម្រុងគ្នា ចេះជួយគ្នាទៅវិញទៅមក ដោយមិនមានការប្រកាន់នូវជំនឿសាសនា និន្នាការនយោបាយ ឬជាតិសាសន៍ឡើយ និងបង្កើតបាននូវសុខដុមនីយកម្មសាសនា ជាតិសាសន៍ក្នុងប្រទេសជាតិ។
ក្នុងនាមលោក តំណាងបងប្អូនសាសនិកខ្មែរឥស្លាម សំដែងការសាទរ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅក្រៃលែងចំពោះក្រុមការងារយុវជនក្រុម៨ ខេត្តព្រះសីហនុ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់ដល់ការរស់នៅរបស់ពលរដ្ឋក្នុងមូលដ្ឋាន ថែទាំនិងផ្ដល់សេវាជូនពលរដ្ឋដោយមិនប្រកាន់សាសនា និន្នាការនយោបាយ និងតែងតែចុះដល់ខ្នងផ្ទះពលរដ្ឋគ្រប់កាលៈទេសៈ៕