នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី មានរៀបចំពិធីប្រកាសកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុង ស្រុក នៃខេត្តរតនគិរី ក្រោមអធិបតីភាព ឯកឧត្តម ជៀង អំ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគិរី។ ពិធីនេះមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការគណបក្សខេត្តរតនគិរី ព្រមទាំងសមាជិកសមាជិការគណបក្ស ក្រុង ស្រុក សរុបប្រមាណជាង២០០នាក់។
តាមរយៈសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ស្តីពីការកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគិរី ដែលចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានកែសម្រួលតែងតាំង ឯកឧត្តម ជៀង អំ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគិរី ឯកឧត្តម ផាន់ ផល្លា អនុប្រធានទី១ ,ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីអនុប្រធានប្រចាំការ, សរុបជារួម ប្រធាន អនុប្រធាន សមាជិក សមាជិកា គណបក្សចុះមូលដ្ឋានខេត្តរតនគិរី ចំនួន១២៥រូប។
តាមរយៈសេចក្តីសម្រេច គឺសមាជិក សមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ និងសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង ឃុំ សង្កាត់នៃគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី និងសកម្មជន ដែលទទួលភារកិច្ចនៅក្នុងក្រុមការងារគណបក្សចុះមូលដ្ឋាននានាក្នុងខេត្តរតនគិរី ត្រូវបន្ត ភារកិច្ចក្នុងក្រុមការងារនេះដដែល។ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងប្រធានគណៈកម្មាធិការគណបក្សខេត្ត មានសិទ្ធិស្នើចាត់តាំង កែសម្រួល បំពេញបន្ថែម ឬចាត់តាំង កែសម្រួល បំពេញបន្ថែមសមាសភាពក្រុមការងារគណបក្សចុះជួយខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ តាមការចាំបាច់។
ថ្លែងនៅក្នុងឱកាសនេះ ញ៉ែម សំអឿន អនុប្រធានប្រចាំការនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគិរី និងជាប្រធានគណបក្សខេត្តបានលើកឡើងថា សាមគ្គីភាព និងការសហការល្អរវាងក្រុមការងារគណបក្ស និងសមាជិក សមាជិកា គណៈកម្មាធិការគណបក្សខេត្តរតនគិរី គ្រប់ជាន់ថ្នាក់បម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវស្របតាមគោលនយោបាយ និងអំពើល្អរបស់មន្ត្រីបក្ស គឺជាកត្តាសំខាន់ទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ និងជាកត្តាចម្បង នៃជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជានាពេលកន្លងមក។ ឯកឧត្តមបានលើកទឹកចិត្តដល់សមាជិក សមាជិកាទាំងអស់ត្រូវបន្តប្រពៃណីដ៏ល្អប្រពៃនេះ និងរួមគ្នាខិតខំបម្រើប្រជាពលរដ្ឋឱ្យអស់លទ្ធភាព។ ជ័យជម្នះដែលគណបក្សប្រជាជនកម្ពុជាទទួលបាននៅរៀងរាល់ការបោះឆ្នោត គឺមិនមែនត្រឹមតែជាជោគជ័យនៅលើសន្លឹកឆ្នោតទេ ប៉ុន្តែគឺជាជោគជ័យរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស។
មានប្រសាសន៍សំណេះសំណាលនាឱកាសនេះឯកឧត្តម ជៀង អំ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគិរី បានថ្លែងកោតសរសើរចំពោះក្រុមការងារទាំងអស់ និងសមាជិក សមាជិកាគណបក្សប្រជាជានកម្ពុជាខេត្តរតនគិរីដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ស្មារតីនឹងថវិកា ដើម្បីបុព្វហេតុប្រជាជន និងត្រូវបន្តសហការស្អិតរមួតជាមួយគណៈកម្មាធិការបក្សខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ សាខាបក្សភូមិ ដើម្បីបន្តបម្រើប្រជាពលរដ្ឋ ក្នុងខេត្តរតនគិរី ឱ្យកាន់តែល្អប្រសើរបន្ថែមទៀតស្របតាមស្មារតីនៃមហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម ប្រធានក្រុមការងារបានធ្វើការដាក់ចេញផែនការណែនាំជូន ដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នូវភារកិច្ចមួយចំនួនដូចខាងក្រោម៖
១.បន្តការងារចាត់តាំងក្រុមការងារចុះមូលដ្ឋានតាមក្រុង ស្រុក ឃុំ សង្កាត់ និងត្រូវរៀបចំកែសម្រួលសមាភាពក្រុមការងារចុះមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់។
២.ត្រូវបន្តផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្ស ដែលបានដាក់ចេញ តាមរយៈកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងត្រូវអនុវត្តបណ្តាការងារសំខាន់ៗរួមមាន៖
-យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា គឺផ្តោត សំខាន់លើអាទិភាពចំនួន៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។
-បន្តពង្រឹងការអនុវត្ត ថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងនោះខ្ញុំសូមសង្កត់ធ្ងន់លើ “កងទ័ពមិនអព្យាក្រឹត្យលើរាជរដ្ឋាភិបាល អព្យាក្រឹត្យលើគណបក្សនយោបាយ។
-បន្តពង្រឹងការអនុវត្ត គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព យកចិត្តទុកដាក់ បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនឱ្យមានប្រសិទ្ធិភាពខ្ពស់។
-យកចិត្តទុកដាក់ ដឹកនាំកសាងអភិវឌ្ឍន៍មូលដ្ឋានឱ្យបានរឹងមាំលើគ្រប់វិស័យ ជាពិសេសការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានល្អ។-យកចិត្តទុកដាក់ ក្នុងការកសាង និងពង្រឹងគណបក្សទាំងផ្នែកនយោបាយ ផ្នែកសតិអារម្មណ៍ និងផ្នែកចាត់តាំង។ យកចិត្តទុកដាក់ពង្រឹង ដាក់ពង្រឹងចាស់ ពង្រីកថ្មីៗ កែសម្រួលរចនាសម្ព័ន្ធគណបក្សឱ្យបានសមស្រប។
-ចំពោះសមាជិកក្រុមការងារចុះតាមស្រុក ក្រុង ឃុំ សង្កាត់ ប្រសិនបើនៅមានការខ្វះចន្លោះ ត្រូវស្នើសុំបន្ថែមសមាសភាពមកពេលក្រោយទៀត។
-យកចិត្តទុកដាក់ការងារបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សា និងក្រុមប្រឹក្សាស្រុក ឱ្យទទួលបានជោគជ័យ។
-ត្រូវបូកសរុបរបាយការណ៍ និងត្រូវមានផែនការអនុវត្តបន្ត៕