2024-03-19 13:32
352

កណ្តាល៖ គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នេះ មិនទាន់មានរបាយជាក់អំពីការខូចខាត មានមនុស្សរងគ្រោះថ្នាក់ស្លាប់ ឬរបួសក្នុងករណីគ្រោះអគ្គិភ័យឆាបឆេះរោងចក្រស្បែកជើង «អ ជី ហ៊្វូតវែ» ខេមបូឌា ឯ.ក របស់ក្រុមហ៊ុន LI YUEN GROUP នៅស្រុកអង្គស្នួលនៅឡើយទេ ប៉ុន្តែតាមការប៉ាន់ស្មានក្រៅផ្លូវការខ្ទង់រាប់លានដុល្លារ។ 

ហេតុការណ៍គ្រោះអគ្គិភ័យ បានកើតមានឡើងនៅល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅរោងចក្រស្បែកជើង «អ ជី ហ៊្វូតវែ» នៅខាងក្រោយរោងចក្រ ស៊ី ភី ស្ថិតនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។  កម្លាំងនគរបាល និងរថយន្តពន្លត់អគ្គិភ័យ អគ្គស្នងនគរបាលជាតិ, ស្នងការដ្ឋាននគរបាលខេត្តកណ្តាល, បញ្ជាការដ្ឋានកងពលលេខ៧០, បញ្ជាការដ្ឋាន៩១១ និងមកពីបណ្តាអង្គភាពផ្សេងៗ បានចូលសហការគ្នាយ៉ាងសស្រាក់សស្រាំដើម្បីបាញ់ទេកធ្វើការពន្លត់ និងទប់ស្កាត់កុំឲ្យរីករាលដាលទៅដល់កន្លែង។ 

ចំពោះស្ថានភាពអគ្គិភ័យ ត្រូវបានគ្រប់គ្រងស្ថានការណ៍បាននៅវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមីនា សមត្ថកិច្ចបានសហការគ្នាគ្រប់បណ្តាអង្គភាពជំនាញផ្សេងៗដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន៥០គ្រឿង។ 

លោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា «ស្ថានភាពករណីអគ្គីភ័យឆេះរោងចក្រស្បែកជើង R G ដែលស្ថិតនៅភូមិស្វាយជ្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល កម្លាំងសមត្ថកិច្ចបណ្តាកងឯកភាពបានសហការគ្នាអត្តរាគមន៍បាញ់ទឹកពន្លត់ ទោះស្ថានភាពកន្លែងកើតហេតុមានភាពស្មុកស្មាញយ៉ាងណាក្តី គឺខិតខំប្រឹងប្រែងឲ្យអល់លទ្ធភាពតាមអាចធ្វើទៅបាន»។ 

លោកឧត្តមសេនីយ៍ប្រធានយកដ្ឋាន បានបន្ថែមទៀតថា «ក្នុងកំឡុងពេលប្រតិបត្តិការសង្គ្រោះនេះមិនទាន់មានរបាយការណ៍ពីការបាត់ខ្លួន ឬមានជនរងគ្រោះរងរបួសនោះទេ ព្រោះសមត្ថកិច្ចកំពុងហ៊ុំព័ន្ធកន្លែងកើតហេតុ ប៉ុន្តែតាមការវាយតម្លៃការឆេះនៅចន្លោះម៉ោងជាង៤រសៀល កម្មករ-កម្មការិនី ពួកគាត់អាចនឹងចេញអស់ហើយ តែទោះជាយ៉ាងសមត្ថកិច្ចនឹងប្រឹងឲ្យលទ្ធភាពក្រោយអគ្គិភ័យរលត់ទាំងស្រុងសមត្ថកិច្ចស្រាវជ្រាវមានអ្នកគ្រោះថ្នាក់ ឬបាត់បងជីវិតក្នុងហេតុការណ៍នេះ»។ 

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុនៃការឆេះរោងចក្រខាងលើ និងរុករកក្នុងគំនរបាក់បែក ដើម្បីស្វែងរកក្រែងមានជនរងគ្រោះស្លាប់ក្នុងហេតុការណ៍នេះផងដែរ៕