ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ អញ្ជើញជាអធិបតីពិធីបើកជាផ្លូវការមជ្ឈមណ្ឌលព័ត៌មានកណ្តាល នៃស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។
នាឱកាសនោះ លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានថ្លែងថា ព្រឹត្តិការណ៍ស៉ីហ្គេម ដែលរៀបចំឡើងនៅកម្ពុជា ប្រៀបដូចការបានទទួលទានផ្លែឈើទុំផ្អែមឆ្ងាញ់។ លោករដ្ឋមន្រ្តី បានថ្លែងបន្តថា កម្ពុជារៀបចំខ្លួនជិតរួចរាល់ហើយ ដើម្បីរៀបចំព្រឹត្តិការណ៍នេះ ពោលនៅតែសម្អាតប៉ុណ្ណោះ។ ការនិយាយថា ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ប្រៀបដូចការបានទទួលទានផ្លែឈើទុំផ្អែមឆ្ងាញ់ របស់លោក ខៀវ កាញារីទ្ធ ព្រោះកម្ពុជាត្រូវរង់ចាំរហូតដល់ទៅជាង ៦០ឆ្នាំ ដើម្បីធ្វើជាម្ចាស់ផ្ទះ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងបន្ថែមថា៖ «និយាយរួម គឺយើងអាចថាសភាពការណ៍ប្រៀបបីដូចជាផ្លែឈើទុំ ដែលផ្អែមហ្មង យើងរង់ចាំជាង ៦០ឆ្នាំមែន តែយើងរង់ចាំនេះ គឺកម្លាំងមនុស្សគ្រប់គ្រាន់ យើងមានប្រភេទកីឡាច្រើន មានទីកន្លែងសម្រាប់ហាត់ និយាយរួមគឺយើងបានរៀបចំគ្រប់គ្រាន់ទាំងអស់»។
ពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរំលឹកពីប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលបានស្នើសូមប្រជាពលរដ្ឋខ្មែរ ក្នុងនាមយើងធ្វើជាម្ចាស់ផ្ទះ ត្រូវរៀបចំខ្លួនឲ្យល្អ និងថ្លៃថ្នូរ។
បើតាមលោក ខៀវ កាញារីទ្ធ ទោះបីជាកម្ពុជាមិនបានយកថវិកាលើថ្លៃផ្សាយ ព្រឹត្តិការណ៍ស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក៏មិនប៉ះពាល់ដល់ការផ្សព្វផ្សាយពីព្រឹត្តិការណ៍នេះដែរ។ ជាក់ស្តែង មានអ្នកព័ត៌មានជាតិ និងអន្តរជាតិ ប្រមាណជាង ២ពាន់នាក់ បានចុះឈ្មោះយកព័ត៌មាន ក្នុងព្រឹត្តិការណ៍នេះ។
សូមជម្រាបថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ SEA Games ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕