2024-03-20 15:34
377

ភ្នំពេញ៖ លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ ត្រូវបានក្រសួងរៀបចំដែនដី  ចេញសេចក្តីប្រកាសសម្រួលភារកិច្ចឲ្យមកបម្រើការងារនៅទីស្តីការក្រសួង និងបានតែងតាំងជំនួសដោយលោក មាស ដារ៉ា ជាប្រធានស្តីទី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តបន្ទាយមានជ័យ។ 

នេះបើយោងតាមប្រកាសរបស់ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលក្រុមការងារ msj tv ទទួលនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នេះ។ 

សូមជម្រាបថា ឯកសារពាក់ព័ន្ធការចេញប័ណ្ណកម្មសិទ្ធ ហៅថា (ប្លង់រឹង) បានកកស្ទះនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខេត្តបន្ទាយមានជ័យ រាប់មុឺនឯកសារ បន្ទាប់ពីក្រសួងបានដកបញ្ឈជើងលោក អាង ណារិទ្ធ ប្រធានមន្ទីរសុរិយោដីខេត្ត និងដកអនុប្រធានមន្ទីរ ព្រមទាំងប្រធានការិយាល័យ សរុបចំនួន ០៨នាក់ ព្រោះគ្មានអ្នកស៊ីញ៉េលើឯកសារទាំងនោះ ក្រោយពីបែកបាក់ផ្ទៃក្នុងចែកផលលាភអត់ស្មើគ្នា។ 

សូមរំឭកថា កាលពីល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៤ កន្លងទៅនេះ មានមន្ត្រីសុរិយោដីខេត្តបន្ទាយមានជ័យ ចំនួន ៣៤រូប ក្នុងចំណោម មន្ត្រីក្របខ័ណ្ឌ សរុបចំនួន ៤១រូប បានសរសេរពាក្យបណ្តឹងដាក់ជូនលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ដើម្បីស្មើសុំដកលោក អាង ណារិទ្ធ ចេញពីតំណែងជាប្រធានមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យ ដោយអះអាងថា៖ «លោក អាង ណារិទ្ធ ចាប់តាំងពីថ្ងៃប្រកាសចូលកាន់តំណែង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១១ រហូតដល់ឆ្នាំ២០២៤ ជាប្រធានមន្ទីរធ្វើឲ្យមន្ត្រីក្រោមឱវាទទាំងអស់ជួបការលំបាកជាខ្លាំង ក្នុងការអនុវត្តន៍ការងារ»។ 

ក្រុមមន្ត្រីសុរិយាដីជាកូនចៅ របស់ លោក អាង ណារិទ្ធប្រធានមន្ទីរ បានបញ្ជាក់បន្ថែមកក្នុងបណ្តឹងថា៖ «ក្រោមការដឹកនាំរបស់បុគ្គលរូបនេះធ្វើឲ្យមន្ត្រីក្រោមឪវាទទាំងអស់ជួបការលំបាកជាខ្លាំងក្នុងការអនុវត្តន៍ការងារ ដូចជា គ្មានភាពជាអ្នកដឹកនាំគ្មានសាមគ្គីផ្ទៃក្នុង គ្មានសីលធម៌ គ្មានគុណធម៌ មានចរិតឆេវឆាវ ច្រឡោងខាម មានតែការគំរាមគំហែង សំដីអសុរោះ ប្រមាថមាក់ងាយ ដល់អ្នកក្រោមឱវាទទាំងអស់ និងអែបអប សំដែងជាមួយអ្នកធំ ពុំមានទំនួលខុសត្រូវលើកិច្ចការងារ ដែលខ្លួនបញ្ជាឲ្យកូនចៅធ្វើ នៅពេលមានកំហុសបែរជាមិនទទួលខុសជាដើម»។ 

ក្រោយផ្ទុះរឿងអាស្រូវបែកបាក់ផ្ទៃក្នុងចែកផលលាភមិនស្មើគ្នាក្នុងមន្ទីរមួយនេះ ទើបលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់មន្ត្រីរបស់ក្រសួងចុះធ្វើអធិការកិច្ចលើបណ្តឹងរបស់មន្ត្រីក្រោមឱវាត រហូតឈានដកបញ្ឈជើង លោក អាង ណារិទ្ធ ចេញពីប្រធានមន្ទីររៀបចំដែនដី និងមន្ត្រីសំខាន់ៗ ចំនួន ០៧រូបទៀត ក៏នាំឲ្យឯកសារ និងប័ណ្ណកម្មសិទ្ធិ ឬប្លង់រឹងរបស់ប្រជាពលរដ្ឋត្រូវចុះបញ្ជី ឬផ្ទេរកម្មសិទ្ធត្រូវកកស្ទះនៅមន្ទីររាប់មុឺនដោយគ្មានអ្នកចុះហត្ថាលេខា ទើបពេលនេះមានការចាត់តាំងសារជាថ្មី ដើម្បីដោះស្រាយបញ្ហានេះ៕