2024-03-20 20:22
266

ភ្នំពេញ៖ អនុវត្តតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព កាលពីម្សិលមិញ  នគរបាលក្រសួងមហាផ្ទៃ ចេញប្រតិបត្តិការបង្ក្រាបបទល្មើសទូទៅបាន ៣២ករណី ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធ ចំនួន ៨៤នាក់ ចាត់នីតិវិធីតាមច្បាប់បន្ត។ 

លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ថា៖ ក្នុងការបង្ក្រាបខាងលើ ករណីព្រហ្មទណ្ឌបង្ក្រាបបាន ចំនួន ០៥ករណី ឃាត់ខ្លួនបាន ០៦នាក់ក្នុងនោះ រួមមាន ឃាតកម្មដោយអចេតនា, លួច, ហិង្សាដោយចេតនា និងហិង្សាក្នុងគ្រួសារជាដើម ដែលជាបទមជ្ឈិម។ ចំណែកឯបទឧក្រិដ្ឋ មាន ០១ករណី គឺករណីប្លន់។ 

ដោយឡែក ករណីគ្រឿងញៀនវិញ អ្នកនាំពាក្យរង បន្តថា៖ ក្នុងយុទ្ធនាការបោសសម្អាតគ្រឿងញៀន សមត្ថកិច្ចបង្ក្រាបបាន២១ករណី ឃាត់ខ្លួនបាន ៥៣នាក់ និងរឹបអូសសារធាតុសង្ស័យគ្រឿងញៀន ចំនួន ៥៩,៣៨ក្រាម ដែលកើតក្នុងខេត្តបន្ទាយមានជ័យ កំពង់ធំ មណ្ឌលគិរី ភ្នំពេញ ពោធិសាត់ តាកែវ ត្បូងឃ្មុំ។  

ទន្ទឹមនេះ បង្ក្រាបក្មេងទំនើង បាន៣ករណី ឃាត់ខ្លួន ចំនូន ១៦នាក់ ភ្នំពេញ ០២ករណី ឃាត់ខ្លួន ១១នាក់ និងកំពង់ចាម ០១ករណី ឃាត់ខ្លួន ចំនួន ០៥នាក់។ នៅថ្ងៃដដែលនេះដែរ នគរបាលជាតិ ក៏បានបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ចំនួន ០១ករណី នៅកំពង់ចាម ឃាត់ខ្លួន ០៣នាក់។ 

ការបង្ក្រាបបទល្មើសទូទៅ គឺជាទិសដៅអាទិភាពក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញកាលពីដើមអាណត្តិទី៧នេះ តាមគោលការណ៍ «សម្អាតផ្ទះយើង» របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងទស្សនៈរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី៕