2024-03-21 11:50
223

នៅក្នុងឪកាសនៃការប្រារព្ធធ្វើពិធីទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា: សម្បត្តិវប្បធម៌ អរិយធម៌ខ្មែរ                    គឺល្អផូរផង់ខ្ពង់ខ្ពស់ខ្លាំងណាស់ ហើយជាតិសាសន៍ណាក៏ចង់បានដែរដូច្នេះប្រជាពលរដ្ឋ ក៏ដូចជាយុវជនត្រូវចូលរួមថែរក្សា ឱ្យបានគង់វង្សនិងយូរអង្វែង។ 

ជាមួយគ្នានោះដែរ ឯកឧត្តម ម៉ៅ ធនិន ក៏បានធ្វើការណែនាំឱ្យមន្ត្រីជំនាញបន្តពង្រឹងការងារសិក្សាស្រាវជ្រាវ ផ្សព្វផ្សាយ សាបព្រួស បំផុសស្មារតីអភិរក្សសម្បត្តិវប្បធម៌ខ្មែរ ដល់ប្រជាពលរដ្ឋ ពិសេសមនុស្សជំនាន់ក្រោយ ធ្វើយ៉ាងណាកុំឱ្យមានការបាត់បង់ ត្រូវបង្ហាត់បង្រៀនយុវជនជំនាន់ក្រោយឲ្យបានយល់ដឹងពីវប្បធម៌ ប្រពៃណីជាតិខ្មែរ ហើយជំរុញឱ្យពួកគាត់បន្តផ្សព្វផ្សាយ ដើម្បីបង្ហាញពីវប្បធម៌ ប្រពៃណីជាតិខ្មែរទៅកាន់បរទេសឱ្យបានស្គាល់ផងដែរ។     

   បើតាមលោក គង់ ផល្លា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពត បានបញ្ជាក់ថាមន្ទីរបានបន្តការពារបុរាណស្ថាន ដែលរួមមាន៖ ប្រាសាទ សំណង់បាក់បែកនៃប្រាសាទ ស្ថានីយ៍បុរេប្រវត្តិ ទួលអង្គបុរាណ វត្តុបុរាណ ចេតិយបុរាណ ស្រះបុរាណ និងបុរាណស្ថានផ្សេងៗជាច្រើនទៀត។ ជាមួយគ្នានោះ ក្រុមការងារបានបន្តសិក្សាស្រាវជ្រាវបុរាណស្ថានថ្មីៗបន្ថែម ដើម្បីចុះបញ្ជីសារពើភណ្ឌស្ថានីយ៍បុរាណវិជ្ជា ក្នុងនោះបានបញ្ចប់ការធ្វើផែនទីបុរាណស្ថាន និងធ្វើបច្ចុប្បន្នភាព បញ្ជីសារពើភណ្ឌបុរាណស្ថានទូទាំងខេត្តបានចំនួន ៣១៥ទីតាំង សំណង់អគារផ្ទះល្វែង ស្ពាន ឡដុតសម័យអាណានិគមបារាំង សរុបបានចំនួន ៣៩៥កន្លែង ដើម្បីបញ្ចូលទៅក្រសួងបន្ថែមទៀត។ 

    ជាមួយគ្នានេះដែរ មន្ទីរបានបោះបង្គោលការពារបុរាណស្ថានដែលប្រឈមខ្លាំង បានចំនួន ៣ក្រុង-ស្រុក  បានកសាងសាលាកបត្រ័ស្ថានីយ៍បុរាណបាន ៤ក្រុង-ស្រុក ស្មើនឹង ៧៩បុរាណស្ថាន ទួលអង្គ៧៦ និងវត្តចំនួន៣ និងបានទទួលប្លង់កម្មសិទ្ធបុរាណស្ថានចំនួន ៤៣ ប្លង់រឹង។ ទន្ទឹមនិងនោះមន្ទីរក៏បានបញ្ចប់ការធ្វើបច្ចុប្បន្នភាពស្ថិតិបេតិកភណ្ឌវប្បធម៌អរូបីយ ដល់ក្រុមសិល្បៈមហាជន បានចំនួន ២២០ក្រុម ដើម្បីចុះក្នុងបញ្ជីរួមមានដូចជា៖ ចាប៉ីដងវែង ខ្សែដៀវ ភ្លេងអារក្ខ កន្ទ្រាំមីងជាដើម ហើយមន្ទីរក៏បានបណ្តុះ           បណ្តាល បង្ហាត់បង្រៀនរបាំ និងតូរ្យតន្ត្រីបុរាណដល់យុវជនផងដែរ៕