ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ គណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ក្រោមអធិបតីភាព សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន។
មានវត្តមានក្នុងកិច្ចប្រជុំនោះដែរ រួមមាន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈចលនាមហាជន ឯកឧត្តម អគ្គលេខាធិការ អគ្គលេខាធិការរង និងក្រុមការងារចំណុះអគ្គលេខាធិការដ្ឋាន សរុបប្រមាណ ៥០ រូប។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម នួន ផារ័ត្ន អគ្គលេខាធិការរងនៃគណៈចលនាមហាជនបានធ្វើរបាយការណ៍អំពីសមិទ្ធផលនានាដែលសម្រេចបានដោយគណៈចលនាជំនាញទាំង៤ របស់គណៈចលនាមហាជនដោយក្នុងនោះរួមមាន៖ គណៈចលនាយុវជន គណៈចលនាស្រ្តី គណៈចលនាសហជីព គណៈចលនាអង្គការ សមាគមន៍ និងដៃគូរអភិវឌ្ឍន៍ ដែលកន្លងមកបានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្មក្នុងការដឹកនាំ តម្រង់ទិស និងសម្របសម្រួលជាប្រចាំ ជាមួយរចនាសម្ព័ន្ធចាត់តាំងតាមក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ក្នុងការតាមដាន គាំទ្រ និងអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការ និងអនុសាសន៍នានារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស។ ជាមួយគ្នានេះដែរ អគ្គលេខាធិការដ្ឋានបានបន្តតាមដាន ស្វែងយល់អំពី បញ្ហាប្រឈម សភាពការណ៍ និង សតិអារម្មណ៍មហាជន តាមរាជធានី-ខេត្តជាប្រចាំ ដើម្បីឱ្យការអនុវត្តការងារកាន់តែប្រសើរឡើងស្របតាមទិសដៅឆ្ពោះទៅមុខរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។
គួរបញ្ជាក់ដែរកិច្ចប្រជុំនេះ បានរៀបចំឡើងក្នុងគោលបំណងបូកសរុបលទ្ធផលការងារសំខាន់ៗ ក្នុងឆ្នាំ២០២៣កន្លងទៅព្រមទាំងកំណត់នូវការវាយតម្លៃជារួម ទៅលើបញ្ហាប្រឈម សំណូមពរ និងទិសដៅការងារបន្ត សំដៅចូលរួមគាំទ្រដល់ការដឹកនាំរបស់គណបក្ស និងរាជរដ្ឋាភិបាល ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន។