2024-03-21 15:58
273

កោះកុង ៖     អាជ្ញាធរឃុំថ្មស ចាប់ផ្តើមអនុវត្តវិធានការក្តៅហើយ ក្រោយឃើញសកម្មភាពព្រលែងសត្វចិញ្ចឹម(គោ ក្របី)ដដែលៗ ពីសំណាក់ម្ចាស់ ដោយមិនបានខ្វល់ខ្វាយពីសេចក្តីជូនដំណឹងរបស់អាជ្ញាធរស្រុកបូទុមសាគរ ជាក់ស្តែងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ លោក អ៊ិក កួន មេឃុំថ្មស បានដឹកនាំ សមាជិក ក្រុមប្រឹក្សាឃុំ សហការជាមួយកម្លាំងសមត្ថកិច្ច រួមទាំងប្រជាការពារ ចុះធ្វើការប្រមូលសត្វពាហនៈ(គោ ក្របី) គ្មានសណ្តាប់ធ្នាប់  ដើរពាសវាលពាសកាល តាមផ្លូវសាធារណៈ ដែលជាហេតុធ្វើអោយបាត់បង់នូវសោភ័ណ្ឌភាព និងបង្ករជាគ្រោះថ្នាក់នានាទៅដល់មនុស្សទូទៅ ពិសេសអ្នកបើកបរនៅតាមដងផ្លូវ ។

 កន្លងមក រដ្ឋបាលឃុំ ធ្លាប់បានធ្វើកិច្ចសន្យាជាមួយម្ចាស់ចិញ្ចឹមសត្វពាហនៈតាមបណ្តាភូមិទាំង៥ និងបានណែនាំដល់ម្ចាស់សត្វគោ ក្របី ទាំងនោះ អោយទុកដាក់សត្វចិញ្ចឹមរបស់ខ្លួនអោយបានត្រឹមត្រូវ ព្រមទាំងចែកសេចក្តីជូនដំណឹងលេខ ០៣៥/២៣ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ របស់រដ្ឋបាលស្រុកបូទុមសាគរ ស្តីពី ការហាមឃាត់ ការព្រលែងសត្វពាហនៈ(គោ ក្របី ពពែ) អោយដើរ ពាសវាលពាសកាល នៅតាមដងផ្លូវសាធារណៈនិងទីប្រជុំជន ដល់ម្ចាស់គោ ក្របី នៅដើមខែ មីនា ឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះ រួចហើយ ប៉ុន្តែម្ចាស់ចិញ្ចឹមសត្វពាហនៈមួយចំនួននៅតែមិនព្រមអនុវត្តតាម ទើបអាជ្ញាធរសម្រេចដើរប្រមូលសត្វពាហនៈណា ដែលដើរតាមដងផ្លូវ ដោយមិនមានចំណង ឬមានម្ចាស់នៅឃ្វាល ។

 បច្ចុប្បន្ន រដ្ឋបាលឃុំ សូមរក្សាទុកគោ ចំនួន ១ក្បាលដែលចាប់បានខាងលើ  នៅក្នុងសាលាឃុំសិន ដើម្បីរង់ចាំម្ចាស់គោមកធ្វើការសម្របសម្រួល និងធ្វើកិច្ចសន្យាជាសាធារណៈ យកគោត្រលប់ទៅវិញ។

 អាស្រ័យហេតុនេះ សូមបងប្អូនដែលជាម្ចាស់គោខាងលើបានឃើញហើយ សូមមេត្តារួសរាន់ មកធ្វើកិច្ចសន្យា និងទទួលការផាកពិន័យទៅតាមច្បាប់កំណត់។

 សូមបងប្អូនដែលរស់នៅក្នុងមូលដ្ឋានឃុំថ្មស សូមចូលរួមចែករំលែកព័ត៌មានខាងលើ អោយដល់ម្ចាស់សត្វគោខាងលើ និង ម្ចាស់សត្វចញ្ចឹមដទៃទៀត បានជ្រាបជាដំណឹង និងសូមថ្លែងអំណរគុណទៅដល់ម្ចាស់ចិញ្ចឹមសត្វពាហនៈមួចំនួន ដែលបានខតខំក្នុងកិច្ចសហការនេះ អោយមានប្រសិទ្ធិភាពកាន់តែប្រសើរជាងនេះ ។

 សូមបញ្ជាក់ថា កន្លងមកសត្វពាហនៈ (គោ ក្របី ពពែ..... )ដែលដើរពាសវាលពាសកាលនៅលើដងផ្លូវសាធារណៈ បានបង្ករគ្រោះថ្នាក់អោយមានមនុស្សរងរបួស និងបាត់បង់អាយុជីវិតជាច្រើននាក់មកហើយ ៕