2024-03-21 16:02
271

មណ្ឌលគិរី៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្នើដោយទទូចទៅប្រជាសហគមន៍ ត្រូវតែរក្សាឱ្យបានកុំឱ្យមានការកាប់រានដីព្រៃ ការបាញ់សម្លាប់សត្វព្រៃ ដែលជាទ្រព្យសម្បត្តិជាសមូហភាពរបស់ប្រជាសហគមន៍ ហើយពិសេសទៅទៀតនោះ សូមសហគមន៍កុំលក់ដីសហគមន៍តំបន់ការពារធម្មជាតិ ព្រោះគឺជាប្រភពចំណូលសម្រាប់ទ្រទ្រង់ជីវភាពរបស់ប្រជាសហគមន៍យើង ដូចពាក្យចាស់លោកពោលថា «ការពារព្រៃគង់ មិនខ្វះឧសដុត»

 លោកបណ្ឌិត អ៊ាង សុផល្លែត ថ្លែងបែបនេះ ក្នុងដំណើរទស្សនកិច្ចនៅសហគមន៍អណ្តូងក្រឡឹង (Jahoo Gibbon Camp) ស្ថិតនៅភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរី នាព្រឹកថ្ងៃព្រហស្បតិ៍ទី ២១ ខែមីនា ឆ្នាំ២០២៤នេះ ដែលជាគម្រោងលំហែបៃតងរបស់ក្រសួងបរិស្ថាន ដើម្បីជួយពង្រឹងភាពជាម្ចាស់ និងជួយបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍

 លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបញ្ជាក់បទៀតថា តាមរយៈគោលដៅគម្រោងលំហែបៃតងនេះ គឺរួមចំណែកពីសហគមន៍ក្នុងកិច្ចការពារធនធានធម្មជាតិ និងព្រៃឈើ តាមរយៈការគ្រប់គ្រង និងទប់ស្កាត់ អនុលោមតាមវិធានការទាំង ៤របស់ក្រសួងបរិស្ថាន ក្នុងនោះជំរុញការអនុវត្តច្បាប់១០០% មិនមានការ លើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស។ 

 លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការសហការយ៉ាងជិតស្និទ្ធជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះ គឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ។ ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក និងជំរុញការដាំ ស្តារព្រៃឈើ និងឈើហូបផ្លែឱ្យសំដៅឱ្យមានការដាំដើមឈើច្រើនជាងការកាប់ ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើឱ្យបានជាង ៦០% ក្នុងឆ្នាំ ២០៥០ផង និងបង្កើតឱ្យមានភាពប្លែកគ្នាពីតំបន់ទេសចរណ៍មួយទៅតំបន់ទេសចរណ៍មួយទៀត ដែលហៅថា «របៀងទេសចរណ៍» ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងអនុលោមតាមអនុសាសន៍ដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕