ខេត្តកណ្តាល ៖ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណេីរ កាលពីវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ លើផ្លូវជាតិលេខ២ ក្នុងភូមិស្រុធំ ឃុំជើងកែប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលយុវជនម្នាក់បានឈប់ម៉ូតូសណ្ដោងឃ្លុបរ៉ីម៉កនៅចិញ្ចើមផ្លូវដើម្បីជួសជុល ស្រាប់តែរថយន្តLexus NX200tបើកដោយបុរសម្នាក់ និងមាននារីម្នាក់ទៀតរួមដំណេីរជាមួយមកបុកពីក្រោយពេញទំហឹងខ្ទាតទៅផ្ទប់និងដើមឈើរងការខូចខាតយ៉ាងដំណំ និងបណ្ដាលឲ្យយុវជនម្នាក់ម្ចាស់រ៉ីម៉កស្លាប់ភ្លាមៗ ។
យុវជនរងគ្រោះ(ស្លាប់)មានឈ្មោះ ជ សុលីន ភេទប្រុសអាយុ១៧ ឆ្នាំស្នាក់នៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ ។ និងមានស្រុកកំណើតនៅស្រុកអង្គបុរី ខេត្តតាកែវ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេសង្កេតឃើញយុវជនរងគ្រោះបានបើកម៉ូតូសណ្ដោងឃ្លុបរ៉ឺម៉កមួយគ្រឿង ដោយដឹកអីវ៉ាន់មកដាក់ឲ្យម៉ូយនៅម្តុំកន្លែងកើតហេតុ ។
ក្រោយមក ជនរងគ្រោះក៏ធ្វើចេញមកវិញ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងមកជើង ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែម៉ូតូសណ្តោងឃ្លុបរ៉ីម៉កបានខូចទៅមុខលែងរួច ទើបជនរងគ្រោះឈប់ម៉ូតូរ៉ឺម៉កមកអែបគៀនខាងផ្នែកខាងស្តាំដើម្បីជួសជុល ។ ភ្លាមនោះស្រាប់តែមានរថយន្តម៉ាកLexus NX200Tពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BF-4642 បើកបរដោយបុរសម្នាក់ និងមាននារីម្នាក់ទៀតធ្វើដំណើរជាមួយតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីត្បួងទៅជើងដូចគ្នាក្នុងល្បឿនយ៉ាងលឿន រួចស្រាប់តែបុកពីក្រោយម៉ូតូសណ្តោងឃ្លុបរុឺម៉កពេញទំហឹង បណ្ដាលឲ្យម៉ូតូសណ្ដោងឃ្លុបរុឺម៉កគៀបជាប់លេីរថយន្តទៅផ្ទប់និងដើមឈើទៅមុខលែងរួចនិងរងការខូចខាតយ៉ាងដំណំ ។ រីឯយុវជនម្នាក់ជាម្ចាស់ម៉ូតូសណ្ដោងឃ្លុបរុឺម៉កបានបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ។
ក្រោយកើតហេតុ ប្រជាពលរដ្ឋដែលកន្លែងកេីតហេតុបានជួយឃាត់អ្នកបេីកបរប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកធ្វេីការវាស់វែងស្ទូចយករថយន្តបង្កនិងម៉ូតូសណ្ដោងឃ្លុបរុឺម៉កទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់ ។ ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕