ភ្នំពេញ៖ លោក ចៅ មុន្នីរ៉ា អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង ត្រូវបានប្រមុខដឹកនាំរដ្ឋាភិបាល ចេញអនុក្រឹត្យបញ្ជប់មុខតំណែង ពី «ភិបាលរង» ឲ្យមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃវិញ។
យោងតាមអនុក្រឹត្យចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា «បញ្ចប់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង ១រូប គឺលោក ចៅ មុន្នីរ៉ា ឋានន្តរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ៣ ត្រូវបានសម្រេចបញ្ចប់មុខតំណែង មកជាមន្ដ្រីនៅទីស្ដីការក្រសួងមហាផ្ទៃ»។
ចំពោះមូលហេតុនៃការបញ្ចប់មុខតំណែងលោក ចៅ មុន្នីរ៉ា ពីអភិបាលរងខេត្តស្ទឹងត្រែងនោះ មិនមានប្រភពណាបង្ហើបឲ្យដឹងឡើយ។ លោក ចេង មុន្នីរ៉ា អតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យតែងតាំងជា អភិបាលរងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ កន្លងទៅ៕