2024-03-22 20:23
314

កិច្ចប្រជុំខាងលើកនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្ត អគារB ក្រោមអធិបតីភាពឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ។ កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត អភិបាលក្រុងស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំងបីប្រភេទផងដែរ។  
   ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា៖ ដោយមានការឯកភាពពីមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត   រដ្ឋបាលខេត្តនឹងរៀបចំធ្វើសង្រ្កាន្តឆ្នាំថ្មី នៅបរិវេណមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែររយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ២០២៤ឲ្យបងប្អូនប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្តសប្បាយ ។ 
   ឯកឧត្តមអភិបាលខេត្តបានស្នើរអោយថ្នាក់ដឹកនាំក្រុងស្រុក មន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ត្រូវត្រៀមរៀបចំដាក់ភ្លើងនៅតាមសួន  នឹងដើមឈើ ការតុបតែងលំអនៅជុំវិញសាលាខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ និងប្រជាពលរដ្ឋក្នុងខេត្តរតនគិរី។ 
   ឯកឧត្តមបន្តទៀតថា បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងឆ្នាំ២០២៤នេះ នឹងរៀបចំព្រឹត្តិការណ៍ឲ្យកាន់តែធំ មានការលេងល្បែងប្រជាប្រិយ និងការកម្សាន្តនានាឲ្យកាន់តែច្រើនជាងមុនម្យ៉ាងវិញទៀតគ្រប់វត្តអារាមនិងតំបន់ទេសចរណ៍ផ្សេងៗត្រូវរៀបចំកន្លែងនិងទីធ្លាអោយបានស្អាតនិងមានសោភ័ណភាពដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកចូលរួមកំសាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។ 
   ទន្ទឹមនឹងនោះសូមអោយរដ្ឋបាលក្រុងស្រុកនិងមន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ត្រូវចុះរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈអោយបានស្អាតល្អ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់សហការជាមួយសមត្ថកិច្ច ត្រូវរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ៕