2024-03-23 14:02
359

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា នៅព្រឹកថ្ងៃសៅរ៍ទីទី២៣ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៤ ប្រធានបទ “បង្កើតថ្មី លើកកម្ពស់នវានុវត្តន៍ និងសហគ្រិនភាព តាមរយៈភាសាបារាំង ” (Créer, innover, entreprendre en français) និងមានការចូលរួមពី លោក JACQUES Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលម្សិលមិញនេះ ក្នុងនោះភ្ញៀវជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំ អង្គទូត មន្ត្រីរាជការ គ្រូបង្រៀន និស្សិត និងសិស្សានុសិស្ស សរុបចំនួនប្រមាណ ២០០០នាក់។ 
    ទិវាអន្តរជាតិហ្វ្រង់កូហ្វូនី គឺជាព្រឹតិ្តការណ៍ធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញពីតួនាទីដ៏សំខាន់នៃភាសាបារាំងនៅកម្ពុជា ដែលរៀបចំឡើងក្រោមកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ រួមមាន ស្ថានទូតបារាំងប្រចាំកម្ពុជា ទីភ្នាក់ងារឧត្ដមសិក្សានៃក្រុម ប្រទេសនិយាយភាសាបារាំង (AUF) និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។
   តាមរយៈសុន្ទរកថានាឱកាសនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើង ពីគុណតម្លៃនៃភាសាបារាំង ដែលផ្សារភ្ជាប់ជាមួយចំណេះដឹងវប្បធម៌ដ៏សម្បូរណ៍បែប នាំមកនូវគំនិតច្នៃប្រឌិតការបង្កើតថ្មីដល់សិស្សនិស្សិតកម្ពុជា ជាពិសេសចូលរួមលើកកម្ពស់នវានុវត្តន៍ និងសហគ្រិនភាពសម្រាប់យុវជន តាមរយៈការប្រើប្រាស់ភាសាបារាំង ក្នុងបរិបទនៃទីផ្សារការងារ ដែលកាន់តែមានភាពប្រកួតប្រជែងទាំងក្នុងប្រទេស ក្នុងតំបន់ និងអន្តរជាតិ។
   គួររំឭកថា អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ត្រូវបានបង្កើតឡើង នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ១៩៧០ ក្រោមកិច្ចផ្ដួចផ្ដើមរបស់ស្ថាបនិកនៃអង្គការនេះ រួមមាន៖លោក ឡេអូប៉ូល សេដាសង់ហ្គ័រ អតីតប្រធានាធិបតី នៃប្រទេសសេណេហ្គាល់ ,លោក អាប៊ីប បួហ្គីបា អតីតប្រធានាធិបតីនៃប្រទេសទុយនីស៊ី ,លោក អាមានី ឌីយ៉ូរី អតីតប្រធានាធិបតីនៃប្រទេសនីហ្សេ និងព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ។ នៅក្នុងឆ្នាំ១៩៩១ ប្រទេសកម្ពុជាបានចូលជាសមាជិកនៃអង្គការអន្តរជាតិនេះ។ 
   ដោយឡែកនៅក្នុងឆ្នាំ២០២៤ ជាខួប លើកទី៥៤ឆ្នាំ នៃការបង្កើតអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បណ្ដាប្រទេសជាសមាជិកប្រារព្ធទិវានេះ ក្រោមប្រធានបទ “បង្កើតថ្មី លើកកម្ពស់នវានុវត្តន៍ និងសហគ្រិនភាព តាមរយៈភាសាបារាំង ” (Créer, innover, entreprendre en français) ។ ឆ្លើយតបនឹងប្រធានបទប្រចាំឆ្នាំ២០២៤  គ្រឹះស្ថានសិក្សា បង្រៀន និងរៀនភាសាបារាំងនានា បានចូលរួមអបអរសាទរទិវានេះ តាមរយៈការសម្ដែងទស្សនីយភាពល្អៗ រួមមាន៖ របាំប្រពៃណី របាំប្រជាប្រិយ ចម្រៀងសម័យ ការបង្ហាញស្នាដៃបង្កើតថ្មី ការប្រកួតវោហារកោសល្យ និងការសម្ដែងរឿងខ្លី ជាភាសាបារាំង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។
   ក្នុងឱកាសនេះដែរ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍សង្កត់ធ្ងន់ថា ការចេះភាសាបរទេសតែមួយភាសាមិនគ្រប់គ្រាន់នោះទេសម្រាប់យុគសម័យដែលពោរពេញដោយការប្រកួតប្រជែងនេះ ការចេះភាសាបរទេសមួយបន្ថែមទៀត នឹងនាំមកនូវឱកាសមួយបន្ថែមទៀត ក្នុងបុព្វហេតុនេះដែរ ចំពោះអ្នកសិក្សាដែលចេះភាសាបារាំងនឹងបង្កើនឱកាសចាប់យកការងារពាក់ព័ន្ធនឹងភាសាបារាំង ក៏ដូចជាទទួលបានអាហារូបករណ៍នៅបរទេស ដូចជា៖ អាហារូបករណ៍រដ្ឋាភិបាលបារាំង កម្មវិធីអាហារូបករណ៍ Eiffel អាហារូបករណ៍ ERASMUS និងកម្មវិធីអាហារូបករណ៍ហ្វ្រង់កូហ្វីនីរបស់ប្រទេសកាណាដាជាដើម៕