2024-03-24 19:08
229

(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកស្រី បានសម្ពោធឆ្លងសមិទ្ធផលនានានៅវត្តសសី ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។
    លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានលើកឡើងពីប្រវត្តិវត្តសសី ជាវត្តមួយដែលមានអាយុកាល៨៣ឆ្នាំមកហើយ ពោលគឺកសាងឡើងនៅឆ្នាំ១៩៤១ លើផ្ទៃដីទំហំ ៣១.២៨៤ម ស្ថិតនៅភូមិប្ញស្សីលរ៍ ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។ ដោយស្ថានភាពប្រជាសាស្ត្រ និងទីកន្លែងចាស់មិនមានអំណោយផលល្អព្រះសង្ឃ និងពុទ្ធបរិស័ទយើងបានតាំងវត្តលើទីតាំងថ្មីនេះវិញ ដោយប្រសិទ្ធនាមថាវត្តសសីតរៀងមក។ ចាប់តាំងពីបដិសន្ធិមក រហូតដល់បច្ចុប្បន្ននេះ វត្តសសីត្រូវបានដឹកនាំដោយព្រះចៅអធិការសំខាន់ៗចំនួន៧អង្គ។ ឆ្នាំ១៩៤១ ដល់ឆ្នាំ១៩៧៥ ដឹកនាំដោយព្រះចៅអធិការចំនួន២អង្គ គឺព្រះតេជគុណព្រះនាម ជួប និងព្រះនាម គង់ ថាញ់ រហូតដល់បច្ចុប្បន្ននេះព្រះចៅអធិការ ហែម ម៉ៅ បានដឹកនាំកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងវត្តមានការរីកចម្រើនជាលំដាប់។
     លោក ងួន រតនៈ បានឱ្យដឹងថា វត្តអារាមដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ។ វត្តអារាមគឺជាទីពឹងពុំនាក់ ជាបង្អែកផ្លូវចិត្ត និងជាកន្លែងសម្រាប់ផ្តល់នូវបុណ្យកុសលគ្រប់បែបយ៉ាង។ វត្តគឺជាឃ្លាំងចំណេះដឹង ជាបណ្ណាល័យ ជាសារមន្ទីរនៃវប្បធម៌ អក្សរសាស្ត្រជាតិនៅគ្រប់សម័យកាល។តែគួរឱ្យសោកស្តាយបំផុត កាលពីរបបប្រល័យពូជសាសន៍ ប៉ុល ពត វត្តអារាមត្រូវបានគេបំភ្លេចចោល ព្រះសង្ឃដែលជា អ្នកមានចំណេះដឹង ត្រូវបានពួកយង់ឃ្នងចាប់ផ្សឹក សៀវភៅធម៌អាថ៌ក្បួនច្បាប់ផ្សេងៗ ពាក់ព័ន្ធព្រះពុទ្ធសាសនាត្រូវបានបំផ្លាញខ្ទេចខ្ទី។ 
    អភិបាលខេត្តកំពង់ធំបានបន្តទៀតថា បច្ចុប្បន្ននេះ ដោយសារប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ វត្តអារាមបានរីកដុះដាលគ្រប់កន្លែង ជាក់ស្តែង វត្តទូទាំងខេត្តមានចំនួន២៩២វត្ត (ធម្មយុត្តិ០៤វត្ត) និងអាស្រមមាន២៣កន្លែងផងដែរ និងមានព្រះសង្ឃទូទាំងខេត្ត ចំនួន៣.២៩៥អង្គ។ វត្តអារាមមិនត្រឹមតែជាទីសម្រាប់ពុទ្ធបរិស័ទទទួលយកនូវពុទ្ធឱវាទនោះទេ ថែមទាំងជាទីសម្រាប់សិស្ស និស្សិតក្រីក្រស្នាក់អាស្រ័យ និងរៀនសូត្រផងដែរ។
    លោក ងួន រតនៈ ក៏បានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ ប្រទេសកម្ពុជារក្សាបាននូវស្ថេរភាពនយោបាយ ជាពិសេសគឺសន្តិភាពដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា- ចក្រកម្ពុជា។ពាក្យថា(អរគុណសន្តិភាព)បានលាន់រន្ទឺពាសពេញផ្ទៃប្រទេស។ នេះគឺដោយសារកម្ពុជាយល់អំពីតម្លៃនៃសន្តិភាពដែលរកបានដោយលំបាកបំផុតនេះ។ សូមប្តេជ្ញាចិត្តរក្សាសន្តិភាពឱ្យបានទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ ជាពិសេស ប្តេជ្ញាគាំទ្រការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្ត ថែរក្សាសន្តិភាពឱ្យគង់វង្សតទៅមុខទៀត៕